(ភ្នំពេញ)៖ លោក សោម ឆាយា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញរូបភាពមួយចំនួន ដែលសម្តេចតេជោ ហ៊ុន សែន បានលេងកីឡាបាល់ទាត់ជាមួយភាគីថៃ កាលពីឆ្នាំ២០១១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

រូបទាំងនេះ ត្រូវបានបង្ហាញឡើង មុនការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមាន ជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោម មូល បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បី ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ ចល នា មនុស្សធម៌ និងការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ ជួយមន្ទីរ ពេទ្យ គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់ កុមារកម្ពុជា ហើយសម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម ថវិកា ចំនួន ២០០លាន រៀល។

បើតាមលោក សោម ឆាយា រូបភាពទាំងនេះបញ្ជាក់ សម្តេចតេជោ ក៏ចូលចិត្តកីឡា និងលេងកីឡា ដើម្បីសុខភាព ក៏ដូចជាសារអំពាវនាវឱ្យចៀសឆ្ងាយពីគ្រឿងញៀន៕