(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក អ៉ី សុខឃី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ការដឹកនាំកិច្ចប្រជុំមួយកជាមួយក្រុមការងារបក្ស ពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ប្រធានគណបក្សឃុំ សាខាបក្សភូមិទាំង២១ភូមិ ប្រធានចលនាយុវជន ប្រធានចលនាគ្រូបង្រៀន ប្រធានចលនាអាចារ្យវត្ត ប្រជាការពារសរុប២៨នាក់ នៅស្នាក់ការបក្សឃុំ។
នៅក្នុងកិច្ចប្រជុំនោះ ប្រធានគណៈពង្រឹងបក្សមូលដ្ឋានរូបនេះ បានជំរុញទៅកាន់សកម្មជន និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះទៅជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងតាមមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព។
បន្ទាប់ពីកិច្ចប្រជុំ លោក អ៉ី សុខឃី បានឧបត្ថម្ភ ដល់សមាជិកដែលបានចូលរួម ដោយក្នុងម្នាក់ៗទទួលបាន ថវិកា៤០,០០០រៀល និង៥ក្រុម មានក្រុមចលនាយុវជន ក្រុមចលនាគ្រូបង្រៀន ក្រុមចលនាអាចារ្យវត្ត តំណាងប្រជាការពារ និងបក្សឃុំ ទទួលបាន១០០,០០០រៀលផងដែរ។
ជាងនេះទៅទៀត លោក ក៏បាននាំយកមូលនិធិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដល់ស្ដ្រីសម្រាលកូន១៤គ្រួសារ សរុប២,៨០០,០០០ រៀល៕