Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសនៅរង្វង់មូលចោមចៅ ដើម្បីដោះស្រាយការស្ទះចរាចរណ៍

10-09-2016 13:47

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាសមួយកន្លែងបន្ថែមទៀត នៅត្រង់រង្វង់មូលចោមចៅ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅច្រកចេញចូលក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរ។

ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា (AKP) បានដកស្រង់សំដីរបស់លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញថា រហូតមកដល់ពេលនេះ សាលាក្រុងបានចាប់ផ្តើមឱ្យអ្នកជំនាញ ចុះសិក្សាបច្ចេកទេសពីគំរូប្លង់ ក្នុងការស្ថាបនាស្ពានអាកាស ត្រង់រង្វង់ចោមចៅរួចរាល់ហើយ។ ប៉ុន្ដែគម្រោងនេះស្ថិតក្នុង ផែនការអភិវឌ្ឍនៅក្នុងឆ្នាំ២០១៧ខាងមុខ។

លោកបន្តថា គម្រោងសាងសង់ស្ពានអាកាសនៅចោមចៅនេះ ដោយសារតែបច្ចុប្បន្ននៅក្នុងតំបន់នេះ មានការកកស្ទះចរាចរណ៍ជាប្រចាំ ដែលនាំឱ្យរំខានដល់ធ្វើដំណើរចេញចូល ក្នុងរាជធានីភ្នំពេញ ខណៈដែលតំបន់នេះជាផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិចំនួន២ គឺផ្លូវជាលេខ៣ និងផ្លូវជាតិ លេខ៤ ដែលមានស្ថានភាពចរាចរណ៍មមាញឹកខ្លំាង។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែងហើយ ក្នុងនោះមានស្ពាន អាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា និងស្ពានអាកាស៥មករា ខណៈកំពុងរៀបចំគម្រោងសង់ស្ពានអាកាសក្បាលថ្នល់ សាងសង់ផ្លូវក្រោមដីត្រង់ភ្លើងស្តុបបេកាសេ (ធនាគារកាណាឌីយ៉ា) និងស្ពានអាកាសត្រង់ស្តុបផ្សារដីហុយ កំពុងដំណើរការសាងសង់៕