(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវសប្បុរសជន និងប្រជាពលរដ្ឋ បន្តចូលរួមមូលនិធិសប្បុរសធម៌គន្ធបុប្ផា ដើម្បីបន្តបេសកកម្មជួយសង្គ្រោះដល់កុមារកម្ពុជា។

ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងកម្មវិធីសន្នីសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាមល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីសំណាក់អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក​ ឃុត ចាន់រ៉ា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោក ខូវ ឆាយ យកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)  ព្រមទាំងសិល្បករ សិល្បការិនីជាច្រើនរូបផងដែរ។

នាកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ គឺប្រព្រឹត្តធ្វើឡើងក្នុងគោលបំណងធំៗចំនួន ៣រួមមាន៖

*ទី១៖ ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមលិខិតលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៤។

*ទី២៖ ដើម្បីជំរុញមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួម លើកស្ទួយវិស័យកីឡា និងលេងកីឡាដើម្បីសុខភាព រឹតចំណងមិត្តភាពសាមគ្គីភាព ស្របពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា «កីឡារស់ក្នុងសន្តិភាព» និងបន្តជំរុញឱ្យបាននូវការរៀបចំផុសផុល នូវការរៀបចំព្រឹត្តិការណ៍សកម្មភាពសង្គមនានា អប់រំប្រជាពលរដ្ឋគ្រប់រូបឱ្យចាកចេញពីគ្រឿងញៀន ធានាបាននូវការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ដោយគ្មានគ្រឿងញៀនទៅថ្ងៃអនាគត។

*ទី៣៖ ដើម្បីប្រមូលមូលនិធិសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ឆ្នាំ២០២៤។

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍សប្បុរសធម៌ ប្រព្រឹត្តទៅយ៉ាងឱឡារឹក លោក ឃួន ស្រេង បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ ចូលរួមឱ្យបានយ៉ាងច្រើនកុះករ ទាំងកម្មករកម្មការិនី សាធារណៈជនទាំងអស់ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈដែលព្រឹត្តិការណ៍នេះនឹងរៀបចំឡើងដោយឥតបង់ថ្លៃចូលរួមទស្សនានោះទេ៕