(ភ្នំពេញ)៖ ទន្ទឹមនឹងតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីម្សិលមិញ ឱ្យជាប់ពន្ធនាគារ៥ខែ ពីបទមិនចូលខ្លួននោះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ លោក កឹម សុខា មានគម្រោងជួបសំណេះសំណាលជាមួយ យុវជនសកម្មរបស់ គណបក្សសង្រ្គោះជាតិ មកពីខេត្តកណ្តាល។
បើតាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ជំនួបនោះមានការចូលរួមសំណេះ សំណាលតាម Video Conference ពីសំណាក់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួន ផងដែរ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង១១៖០០ព្រឹក នៅទីស្នាក់ការគណបក្ស សង្រ្គោះជាតិ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសវនការជំនុំជម្រះលើរឿង ក្តីពីបទ «បដិសេធក្នុងការចូលខ្លួន» របស់លោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គោះជាតិ ហើយបានកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។ ការកាត់ទោសនេះ ពុំមានវត្តមានរបស់មេធាវី ឬសាមី ខ្លួនចូលរួមទេ៕