(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថានៅម៉ោង ១១៖៤០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អាកាសធាតុនៅតំបន់ឆ្នេរមានការប្រែប្រួលជាងពីព្រឹក ដោយផ្ទៃមេឃចាប់ផ្ដើមអាប់អួរ ខ្យល់ធ្លាក់ខ្លាំង និងទឹករលកយោល យោគមធ្យម សូមបងប្អូនភ្ញៀវទេសចរ នៅតាមតំបន់ឆ្នេរបន្តប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា «គិតត្រឹមម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃចាប់ផ្ដើមអាប់អួរ ខ្យល់ខ្លាំង និងទឹករលកយោលមធ្យម នៅចន្លោះឃ្លង។ នៅតាមឆ្នេរ បែរទៅលំហរសមុទ្រពិសេស ឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកយោលបែកផ្កាត្រែង»។
លោកស្នងការ បន្ថែមថា កម្លាំងជំនាញរបស់លោក បានត្រៀមកម្លាំងរួចរាល់ហើយ ក្នុងការជួយសង្គ្រោះប្រសិនបើ មានហេតុការណ៍អ្វីកើតឡើងជាយថាហេតុ ប៉ុន្ដែសូមភ្ញៀវទេសចរ មេត្តាប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាស ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៦-១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា របាយទឹកភ្លៀងនឹង បន្តធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ខណៈតំបន់មាត់សមុទ្រវ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។
សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី០៩-១២ ខែកញ្ញា ឆ្នាំ២០១៦៕