(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ែន វណ្ណៈ អតីតអង្គរក្សរបស់លោក សម រង្ស៉ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយប្រហារដ៏ខ្លាំងក្លាលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយ ដែលពួកគេបានធ្វើកន្លងមក។
លោក ម៉ែន វណ្ណៈ ធ្លាប់បានធ្វើជាអង្គរក្សរបស់លោក សម រង្ស៉ី អស់ជាច្រើនឆ្នាំមកហើយ។ ដោយឡែកលោក មុំ អស្សនី គឺជាធ្លាប់បានប្រឡូកនយោបាយជាមួយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣មក។ ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី សុទ្ធសឹងជាអ្នក ដែលបានវាយប្រហារដោយមិនសំចៃមាត់ឡើយលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្រោយអស់ទំនុកចិត្តលើជីវិតនយោបាយគ្មានកោះត្រើយ ក្រោមការដឹកនាំដ៏កម្សោយរបស់លោក សម រង្ស៉ី នោះ លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ក៏បាននាំចាកចេញពីលោក សម រង្ស៉ី ហើយសុំសម្តេចតេជោ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ត្រូវបានគេបញ្ចុះបញ្ចូលបំភិតបំភ័យដោយក្រុមប្រឆាំងមិនឱ្យវិលត្រឡប់មកម្ពុជាវិញនោះទេ។ ពួកគេបំភ័យថា វិលចូលកម្ពុជា នឹងត្រូវរាជរដ្ឋាភិបាលចាប់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមួយរូប ដែលមានចិត្តសណ្តោសប្រណីខ្ពង់ខ្ពស់។ ក្នុងជីវិតនយោបាយរបស់សម្តេចរយៈពេលជាង៤០ឆ្នាំមកនេះ តែងប្រកាន់យកស្មារតីបង្រួបបង្រួម និងអនុគ្រោះជានិច្ច ដោយមិនគុំកួនខ្មែរដែលធ្លាប់ប្រឆាំងសម្តេចនោះឡើយ។
អំណាចក្តីសណ្តោសរបស់សម្តេចតេជោ បានធ្វើឱ្យលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី តក់ស្លុតជាខ្លាំង។ គ្រាន់តែបានឃើញសម្តេចតេជោភ្លាមចិត្តបេះដូងឡើងត្រជាក់ដូចជាទឹកកក កាយបានបង្អោនចុះ ជង្គង់ទាំងគូបានលុត សូមក្តីខមាទោស និងអត់ឱនពីសម្តេចតេជោ។
លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេបានចាត់ទុកសម្តេចតេជោ ជាមេដឹកនាំមានព្រហ្មវិហារធម៌ មានធម៌សណ្តោសប្រណៃធំធេងណាស់។
លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានថ្លែងថា ពួកលោកនឹងស្មានមិនដល់ថា សម្តេចតេជោ មិនប្រកាន់ខឹងអ្វីទាល់តែសោះ បើទោះបីពួកលោកធ្លាប់បានប្រើពាក្យអសុរោះជាច្រើនលើសម្តេច។
លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានអំពាវនាវអ្នកប្រឆាំងទាំងឡាយ ឈប់បន្តជីវិតជាមួយលោក សម រង្ស៉ី ហើយវិលមករួបរួមបម្រើជាតិមាតុភូមិ ក្រោមការដឹកនាំរបស់តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេសកុំជឿការញុះញង់របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលចាប់ចងបើហ៊ានចូលមកកម្ពុជា៕