(បាងកក)៖ មេដឹកនាំនៃប្រទេសថៃ និង ម៉ាឡេស៊ី បានព្រមព្រៀងគ្នាថា នឹងធ្វើការបង្កើនកិច្ច សហប្រតិបត្តិការផ្នែកសន្តិសុខ និង ពិចារណាផងដែរចំពោះការកសាងជញ្ជាំងឃាំងព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មនានាដូចជា ការជួញដូរមនុស្ស, ការរត់ពន្ធ គ្រឿងញៀន, និង រត់ពន្ធប្រេង ជាដើម។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។
តាមពិតទៅការកសាង របង ឬ ជញ្ជាំងព្រំដែននេះ គឺជារឿងដ៏ពេញនិយមមួយរបស់អន្តរជាតិ ដែលបណ្តាប្រទេសភាគច្រើនចង់សម្រេចឲ្យបាន ជាពិសេសថ្មីៗនេះ គឺអាមេរិក និង ម៉ិចស៊ិកូ ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះ គឺការចំណាយ។ ការរត់ពន្ធខុសច្បាប់បានកើនឡើងជាលំដាប់ នៅតំបន់ព្រំដែនម៉ាឡេស៊ី និង ថៃ ជាពិសេសការជួញដូរមនុស្សនិងការសម្លាប់ជនចំណាកស្រុក ដែលនាំឲ្យច្រកព្រំដែនមួយចំនួនត្រូវបិទ។
គួរបញ្ជាក់ថាការសម្រេចខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ក្នុងទីក្រុងបាងកក។ ក្នុងនោះមេដឹកនាំទាំងពីរបានយល់ឃើញដូចគ្នាថា «យើងទាំងពីរប្រឈមមុខនឹងបញ្ហាដូចៗគ្នា ដូចជាការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និង ការរត់ពន្ធទំនិញគេចពន្ធ»៕