(ប៉េកំាង)៖ មន្ត្រីយោធាចិនជាន់ខ្ពស់មួយរូប បានប្រាប់មេដឹកនំាគណបក្សកាន់អំណាចនៅ មីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ថាទីក្រុងប៉េកំាងពិតជាចង់ពង្រឹង ទំនាក់ទំនងយោធា ជាមួយនឹងមីយ៉ាន់ម៉ា តាមរយៈការបង្កើនការផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែច្រើនឡើង។ នេះបើយោងតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នំា២០១៦។
នៅក្នុងជំនួបមួយក្នុងទីក្រុង Naypyitaw នៅថ្ងៃសុក្រអនុប្រធាននៃគណកម្មការយោធា មជ្ឈិមចិន លោក Xu Qiliang បានបញ្ជាក់ប្រាប់ លោកស្រីស៊ូជី អំពី «តម្លៃដ៏ខ្ពស់បំផុត នៃទំនាក់ទំនងមិត្តភាព រវាងប្រទេសទំាងពីរ ហើយថាចិននឹងដើរតួនាទី ក្នុងលក្ខណៈស្ថាបនា ដើម្បីកិច្ចដំណើរការដោយសន្តិភាព និង ការផ្សះផ្សាជាតិ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ព្រមទំាងសង្ឈឹមដែរថាប្រទេសទំាងពីរ នឹងធ្វើការងាររួមគ្នា ដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ និងនៅតាមតំបន់ព្រំដែន»។
គួរបញ្ជាក់ថា ចាប់តំាងពី រដ្ឋាភិបាលរបស់ លោកស្រី អោងសាន ស៊ូជី ឡើងកាន់អំណាចកាលពី ខែមេសា មក រដ្ឋាភិបាលចិនបានបង្កើន ទំនាក់ទំនងផ្នែកការទូត យ៉ាងខ្លំាងជាមួយនឹងមីយ៉ាន់ម៉ា តួយ៉ាងកាលពីខែកក្កដា កន្លងទៅ ចិនបានរៀបចំឱ្យមានដំណើរទស្សនកិច្ច របស់លោកស្រី អោងសាន ស៊ូជី មកកាន់ទីក្រុងប៉េកំាង ជាទីដែល លោក ស៊ី ជីនពីង បានប្រាប់លោកស្រីថា ចិន ចង់បង្កើតទំនាក់ទំនង ដោយផ្ទាល់ជាមួយនិងមីយ៉ាន់ម៉ា៕