(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការកត់សម្គាល់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៨ខែមកនេះ មានភាពល្អប្រសើរ ដោយរក្សាបានស្ថិររភាព កំណើនសេដ្ឋកិច្ច និងអតិផរណាស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
ទន្ទឹមនឹងការបង្ហាញការកត់សម្គាល់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីហើយនោះ សម្ដេចតេជោក៏បានរៀបរាប់ប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីគោលបំណងដែលសម្ដេចសម្រេចផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្ត ស្របតាមបំណងរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំប្រកបដោយភាពស្វាហាប់ ដើម្បីបន្តបេសកកម្មដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ក្នុងការរក្សាឱ្យបានសុខសន្តិភាពដែលខឿនធានាសេចក្តីសុខរបស់រប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបានសមិទ្ធផលថ្មីៗបន្តទៀត ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ដើម្បីសម្រេចបានមហិច្ឆតាដ៏ធំធេងនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងអនុវត្តសកម្មភាពការងារយ៉ាងសកម្មតាមផែនទីចង្អុលផ្លូវរបស់ខ្លួន នៃ «យុទ្ធសាស្ត្របញ្ចកោណ» ដែលកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងចំនួនពីរគឺ៖
ទី១៖ រក្សា និងថែបំប៉នសុខ សន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និង ពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។
ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។
យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្រៅពីកម្មវិធីស្នូលខាងលើនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មលើកម្មវិធីនយោបាយអាទិភាពចំនួន៦រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕