(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញបំណងចង់ឃើញកម្ពុជា និងតួកគី រៀបចំព្រឹត្តិការណ៍នានាឱ្យបានច្រើន ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរក្នុងឆ្នាំ២០២៤នេះ។ សម្តេចតេជោ ក៏បានបង្ហាញបំណងចង់ឃើញកម្ពុជា និងតួកគី បើកការហោះហើរត្រង់ ដើម្បីពង្រីកទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកំណើនទេសចរណ៍ ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។
បំណងទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនេះ សម្ដេចតេជោបានសម្តែងក្តីរីករាយដែលបានជួបលោកស្រីឯកអគ្គរដ្ឋទូតសាជាថ្មី បន្ទាប់ពីជួបកាលពីកំលុងខែសីហា ឆ្នាំ២០២២ ក្រោយពេលលោកស្រីបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា។
នៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកស្រី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសសំណើរបស់ប្រទេសតួកគី ចូលជាសមាជិកសហភាពអឺរ៉ុប និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងព្រឹទ្ធសភាកម្ពុជា និងសភាតួកគី។ សម្ដេចតេជោ ក៏បានផ្តាំផ្ញើ តាមរយៈលោកស្រីឯកអគ្គរដ្ឋ សួរសុខទុក្ខលោកប្រធានាធិបតីប្រទេសតួកគីផងដែរ។
លោកស្រីឯកគ្គរដ្ឋទូតតួកគី បានសម្ដែងក្តីរីករាយ ដោយចាត់ទុកជំនួបជាមួយសម្តេចតេជោនាពេលនេះ ជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឱ្យលោកស្រី បានជួបសម្ដែងការគួរសម។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការចូលរួមរំលែកមរណទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ ធ្វើឱ្យបាត់បង់ជីវិតយោធិនរបស់កម្ពុជា។ លោកស្រី បានបន់ស្រន់ឱ្យអ្នករងរបួសឆាប់បានជាសះស្បើយផងដែរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានអបអរសាទរជូនសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ លោកស្រី ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានសភាតួកគី ជូនសម្ដេចតេជោផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់។ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏ចង់ឃើញការផ្លាស់ប្តូទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែច្រើនផងដែរ។
ក្នុងជំនួបនេះ លោកស្រី អ៊ុលគុល កូចាអែហ្វែ ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា។ ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។
លោកស្រី បានលើកឡើងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។
លោកស្រី ក៏បានគូសបញ្ជាក់ដែរថា ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឱ្យកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកស្រីមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើនទំនាក់ទំនងជាមួយសភាតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ កើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលឱ្យយោធិនកម្ពុជាចំនួន២០រូបស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។
សម្ដេចតេជោ ក៏បានអរគុណលោកស្រីឯកអគ្គរដ្ឋទូត ដែលបានអបអរសាទរសម្ដេច បានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ។ សម្ដេចតេជោ ក៏បានអរគុណប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរសម្តេច។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងតួកគី គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។
សម្តេចតេជោ បានបង្ហាញការជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱន និង សន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកស្រីឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ា៕