(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្ដជួបសំណេះសំណាល និងចែកអំណោយដល់​ប្រជាពលរដ្ឋជិត៤០០គ្រួសារ នៅភូមិ​ពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ព្រមទាំងជួយដោះស្រាយបញ្ហាមួយចំនួនតាមសំណូមពរពួកគាត់ទៀតផង។

លោកម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា»​

លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ក្រុមការងាររបស់លោក មិនមែនមកតែប្រជុំ ហើយទះដៃ ចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ ឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។

ក្រោយបញ្ចប់ពិធី​សំណេះសំណាល លោកក៏បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋដូចជា ជួសជុលផ្លូវលំមួយខ្សែ៨០០ម៉ែត្រ កង់មួយគ្រឿង រទេះពិការមួយគ្រឿង ថវិកាដល់អ្នកលក់ត្រកួនដែលខ្វះខាតទុន ជួយព្យាបាលជម្ងឺ ជួយពលរដ្ឋដែលផ្ទះលិចទឹក ជួយថវិកា១លានរៀល សម្រាប់ធ្វើបុណ្យសពពលរដ្ឋក្រីក្រ និងផ្ដល់ដីដល់ពលរដ្ឋដែលគ្មានលំនៅឋាន​។

សម្រាប់បញ្ហាណាដែលធំដុំ លោកនឹងយកទៅពិភាក្សាជាមួយថ្នាក់លើ ដើម្បីដោះស្រាយជូននៅពេលក្រោយទៀត។

​ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕