(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានឣញ្ជើញជាឣធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ និងពន្លត់ឣគ្គីភ័យ ដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលមានសក្ខាកាមចូលរួមចំនួន ១១០នាក់ ក្នុងនោះសិក្ខាកាមកងរាជអាវុធហត្ថ មកពីខេត្តស្វាយរៀងចំនួន៤០នាក់។
ក្នុងពិធីនេះមានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី បានផ្តាំផ្ញេីរ ណែនាំសិក្ខាកាមទាំង២ខេត្ត ដែលចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ត្រូវខិតខំយកចិត្តទុកដាក់ ស្ដាប់នូវបទឧទ្ទេសនាមរបស់គ្រូ ដើម្បីយកទៅអនុវត្តក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក៏ដូចជាក្នុងករណីគ្រោះអគ្គិភ័យដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ៕