(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្តេជ្ញាថានឹងជំរុញការដាក់ ទណ្ឌកម្មពីអន្តរជាតិថ្មីបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការ គំរាមកំហែងមិនអាច អត់ឱនឲ្យបាន ដែលបង្កដោយការបំផ្ទុះសាកល្បង អាវុធនុយក្លេអ៊ែរ ជា លើកទី០៥ របស់ប្រទេសនេះ នៅថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។
មេដឹកនាំសម្ព័ន្ធមិត្តទាំងបី អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ បន្ទាប់ពីមានការរាយការណ៍អំពីការ បំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ ដែលមានកម្លាំងដ៏ខ្លាំងក្លា ជាងរាល់ដង ជាលើកទី០៥របស់កូរ៉េខាងជើង។
លោក អូបាម៉ា ដែលធ្លាប់បានសច្ចាថានឹងធ្វើបង្កើតពិភលោក ដែលគ្មានអាវុធនុយក្លេអ៊ែរតាំងតែ ពីលោកបានស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០៩ បានលើកឡើងថា «យើងយល់ព្រមសហការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍ អន្តរជាតិ ដើម្បីអនុវត្តន៍វិធានការដែលមានស្រាប់ និងចាត់វិធានការសំខាន់ៗផ្សេងទៀតរួមមាន ការដាក់ទណ្ឌកម្មថ្មី។សហរដ្ឋអាមេរិក នឹងធ្វើការថ្កោលទោសដោយធ្ងន់ៗ លើការបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងដែលបង្ក ជាការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខក្នុងតំបន់ ក៏ដូចជាសន្តិភាព និងស្ថិរភាពអន្តរជាតិ»។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង ត្រូវបានដាក់ទណ្ឌកម្ម ដោយអង្គការសហប្រជាជាតិ ចំនួន០៥លើកមកហើយ ចាប់តាំងពីការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើដំបូងរបស់ ខ្លួននៅឆ្នាំ២០០៦។ ក្រុមប្រឹក្សាសន្តិសុខនឹងបើកអង្គប្រជុំមួយ នៅម៉ោង ៣៖០០នាទីរសៀល ថ្ងៃសុក្រ (ពេលវេលានៅញូយ៉ក) ទៅតាមសំណើរបស់សហរដ្ឋអាមេរិកនិងជប៉ុន ដើម្បីពិភាក្សា អំពីការបំផ្ទុះសាកល្បង អាវុធនុយក្លេអ៊ែរ ដោយជោគជ័យ ដែលជាការបញ្ជាក់អះអាង ដោយផ្ទាល់ពី សំណាក់ប្រទេសកូរ៉េខាងជើង៕