(ភ្នំពេញ)៖ ហាងកាត់សក់បុរស-ស្រ្តី ផាត់មុខ ធ្វើសក់ ម៉ាស្សាមុខ និងកែសម្ផស្សគ្រប់ប្រភេទ មានឈ្មោះថា «Katiya» បានចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍អតិថិជន ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងទីតាំង ដ៏គាប់ប្រសើរបំផុត គឺស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះសីហនុ ផ្ទះលេខ១៦D សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរវិមានឯករាជ្យ។ ហាងលក់ផលិតផល និងបម្រើសេវាកម្មសម្ផស្ស «Katiya» បានបើកសម្ពោធជាផ្លូវការ នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្រោមវត្តមានភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួងចូលរួម។
ម្ចាស់ហាងកែសម្ផស្ស «Katiya» អ្នកស្រី កាត្ហីយ៉ា បានឲ្យដឹងថា ដោយយល់ឃើញថា មនុស្សសម័យនេះតែងតែចូលចិត្ត នូវការតុបតែងខ្លួន មិនថាតែយុវវ័យ និងមនុស្សទូទៅនោះទេ គឺចូលចិត្តភាពស្អាត ភាពទាក់ទាញ ទើបអ្នកស្រីសម្រេចបើកហាង កែសម្ផស្ស និងនាំចូលនូវផលិតផលកែសម្ផស្សល្បីៗ ពីប្រទេសជិតខាងមក បម្រើអតិថិជន នៅពេលនេះ។ អ្វីដែលធ្វើឲ្យអតិថិជនងាយស្រួល និងទទួលបាននូវភាពសប្បាយរីករាយនោះ គឺហាងនេះ មានទីតាំងដ៏ល្អប្រសើរ ងាយស្រួលរក នៅក្បែរវិមានឯករាជ្យ ដោយពីមុនអ្នកស្រីបើកជាហាង លក់សម្លៀកបំពាក់ ប៉ុន្តែត្រូវប្ដូរមកជាហាង សាឡន វិញ ព្រោះយល់ឃើញថា និងមានភាពទាក់ទាញអតិថិជនខ្លាំង។
អ្នកស្រីបន្តថា ជុំវិញសេវាកម្មនៅក្នុងហាង «Katiya» គឺមានតម្លៃសមរម្យបំផុត ដែលធ្វើឲ្យអតិថិជន អាចទទួលយកបាន ព្រមជាមួយនឹងផលិតផល នាំចូលមកពីប្រទេស កូរ៉េ ថៃ និងសាំងហ្គាពួរ សុទ្ធសឹងតែមានគុណភាពល្អ មិនធ្វើឲ្យភ្ញៀវខកបំណងឡើយ។ ទោះបីជាហាងកែសម្ផស្ស «Katiya» គឺជាបទពិសោធន៍លើកដំបូង ក្នុងវិស័យកែសម្ផស្សក្ដី ប៉ុន្តែអ្នកស្រីម្ចាស់ហាង មានបង្ហាញពីការរំពឹងទៅលើភាពជោគជ័យ យ៉ាងមុតមាំ ព្រោះតែម្ចាស់ហាងរូបនេះ បានមើលឃើញទៅទីផ្សារកែសម្ផស្ស និងការទំនាក់ទំនងការងារ ជាមួយអតិថិជន តាំងពីយូរមកហើយ និងមានភាពទូលំទូលាយបំផុត។
ម្ចាស់ហាងកែសម្ផស្សរូបនេះ បានអះអាងទៀតថា រាល់ផលិតផលទាំងអស់ គឺសុទ្ធសឹងតែនាំចូលផ្ដាច់មុខ ពីប្រទេសជិតខាង ដោយមានដៃគូនាំចូល និងមានទីផ្សារនៅក្រៅប្រទេស ពេញនិយមផងដែរ។ យ៉ាងណាមិញ ចំពោះដើមទុននៅក្នុងការវិនិយោគ បើកជំនួញកែសម្ផស្សនេះ ត្រូវបានម្ចាស់ហាងបង្ហើបឲ្យដឹងថា ចំណាយអស់ប្រមាណ ជាង៣ម៉ឺនដុល្លារ ព្រមជាមួយនឹងការពង្រីង សេវាកម្មផ្សេងជាច្រើន នៅក្នុងហាងនេះបន្ថែមទៀត៕