(ភ្នំពេញ)៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ (Localize) បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ មានសារសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគ្គសម័យឌីជីថលនេះ ដោយវាជួយលើកម្ពស់ការយល់ដឹងរបស់ម្ចាស់អាជីវកម្ម គណនេយ្យករ និងអ្នកវិនិយោគជាច្រើនទៀត ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ការគ្រប់គ្រងអាជីវកម្មបានល្អ។

ការលើកឡើងបែបនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការរវាងគ្នារវាងស្ថាប័នទាំងពីរ។ កម្មវិធីនេះដោយមានការអញ្ជើញចូលពី លោក ទុយ ហុង ស្ថាបនិក និងជាប្រធានក្រុមហ៊ុនឡូខលឡាយ ថេក សូលូសិន ឯក (LOCALIZE) លោក ប៊ុន សុន្ទរង្គ ជានាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ព្រមទាំងក្រុមហ៊ុនជំនាញវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនបរទេស។

លោក ទុយ ហុង បានថ្លែងថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យមឈ្មោះ (Localizebook)។ បេសកម្មរបស់ Localize គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយសហគ្រាសធនតូច និងធនមធ្យម (SME) ឱ្យគ្រប់គ្រងការងារគណនេយ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ ដើម្បីរីកចំរើនប្រកបដោយនិរន្តភាព។
ទន្ទឹមនឹងនោះ វិទ្យាសា្ថនហិរញ្ញវត្ថុនិងគណនេយ្យ(IFA) ជាវិទ្យាសា្ថនជំនាញក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានបទពិសោធន៍ជិតស២០ឆ្នាំមកហើយ ក្នុងនោះផងមានសិស្ស និសិត្សជាច្រើននាក់ ហើយបានទទួលការបណ្តុះបណ្តាលពី IFA។

ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កាន់តែរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសគឺ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយ របស់រដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧នេះ ក្នុងការជំរុញវិស័យឯកជនធ្វើការចាប់យកបច្ចកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យកាន់តែរីកចំរើន ដើម្បីអាចប្រកួតប្រជែងនឹងក្រុមហ៊ុនក្នុងតំបន់បាន។ ទើបក្រុមហ៊ុន LOCALIZE «ជាអ្នកបង្កើតបច្ចេកវិទ្យា ហិរញ្ញវត្ថុឌីជីថល» និងវិទ្យាស្ថាន IFA «ជាអ្នកផលិតធនធានមនុស្សផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ» បានសម្រេចសហការគ្នា ដោយធ្វើយ៉ាងណា ផ្តល់ឱ្យសិស្សនិសិត្សកម្ពុជាយើង អាចមានលទ្ធភាពស្វែងយល់ និងចាប់យកបច្ចេកវិទ្យាឌីជីថល បានលឿនក្នុងកំឡុងពេលសិក្សាតែម្តង ដើម្បីពួកគាត់អាចយកចំណេះដឹងឌីជីថលនេះ ទៅបង្កើនប្រសិទ្ធភាព ក្នុងពេលបំពេញការងារនៅពេលអនាគតឲ្យបានលឿនដែលអាចធ្វើទៅបាន។

សូមជម្រាដែរថា ក្រុមហ៊ុន Localize ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងស្រុកដែលកំពុងតែរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និង មានអតិថិជនជាច្រើនបាន នឹងកំពុងប្រើប្រាស់ប្រព័ន្ឋគណនេយ្យអនឡាញមួយនេះ។ ទន្ទឹមនឹងនោះផងដែរ វិទ្យាស្ថ នហិរញ្ញវត្ថុនិងគណនេយ្យ (IFA) ជាសាលាដែលមានបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈគណនេយ្យ សវនកម្ម ក៏មានការចាប់អារម្មណ៍នឹងការបង្កើនការបណ្តុះរបស់ខ្លួន ភ្ជាប់ទៅនឹងបច្ចេកវិទ្យា ហើយកាន់តែល្អថែម ទៀត ប្រសិនបើក្រុមហ៊ុនទាំងពីរបានចាប់ដៃគូរសហការគ្នាទៅវិញទៅមក នោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនឹង កាន់តែរីកចម្រើន ដែលជាចំណែកមួយជួយដល់សង្គមជាតិ៕