(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» ដែលជា​គម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។ ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នៅក្នុងប៉ុន្មានខែឆាប់ៗខាងមុខនេះ ចូលទៅដល់កិច្ចព្រមព្រៀមមួយតង់ទៀត ខ្ញុំបានស៊ីញ៉េនៅខែតុលា កាលពីខ្ញុំធ្វើទស្សនកិច្ចនៅចិន គឺរាជរដ្ឋាភិបាលរបស់យើងបានស៊ីញ៉េជាមួយក្រុមហ៊ុនរួចហើយ អំពីកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ដែលជាកិច្ចព្រមព្រៀងក្នុងគោលការដើម្បីធ្វើ ហើយខ្ទង់ជាខែកក្កដា ដល់ខែកញ្ញា ខាងមុខនេះ យើងនឹងចាប់ផ្តើមស៊ីញ៉េមួយតង់ទៀត ហើយយើងសង្ឃឹមថា នឹងអាចឈានទៅដល់ការបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះ ឫយ៉ាងយូរឆ្នាំ២០២៥ ដើម្បីធ្វើឱ្យបាន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាការប្តេជ្ញាចិត្តដើម្បីធ្វើការសាងសង់ព្រែងជីកហ្វូណនឱ្យបាន។ ក្នុងន័យផ្តាំទៅដល់ក្រុមប្រឆាំងផ្កាប់មុខរឿងគម្រោងព្រែកជីកហ្វូណនតេជោនេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា «លោកដែលថាស្រលាញ់ជាតិនោះគួរពិចារណា និងមើលពីសន្ទុះនៃការគាំទ្ររបស់ប្រជាជន កុំប្រឆាំងដើម្បីតែប្រឆាំង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់សាសនា និងគ្រប់និន្នាការ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រទៅដល់ការធ្វើគម្រោងព្រែកជីកហ្វូណនតេជោនេះឱ្យបានជោគជ័យ ដើម្បីយើងបានឃើញទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មានសមិទ្ធផលច្រើនណាស់នៅក្នុងប្រវត្តិសាស្ត្រដែលយើងបានធ្វើនៅក្នុងអាណត្តិមុន ហើយនឹងបន្តធ្វើនៅក្នុងអាណត្តិនេះបន្តទៀត ជាក់ស្តែងការបើកសម្ពោធប្រលានយន្តហោះនៅខេត្តសៀមរាប កម្រិតអន្តរជាតិជាប្រវត្តិសាស្ត្រ, នៅឆ្នាំ២០២៥ នឹងបើកសម្ពោធប្រលានយន្តហោះមួយទៀតនៅភ្នំពេញ, ព្រែកជីកហ្វូណនយើងនឹងធ្វើ ផ្លូវល្បឿនលឿនបានធ្វើ និងបន្តធ្វើជាបន្តទៀត ហើយគម្រោងជាប្រវត្តិសាស្ត្រជាច្រើននឹងត្រូវធ្វើបន្តទៀតផងដែរ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតទៅលើគម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» ដែលពិធីនេះក៏បានធ្វើឡើងក្រោមអធិបតីភាពរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបានប្រសិទ្ធនាមថា គម្រោង «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួមគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕