(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគម្រោងប្រមូលថវិកាពីប្រជាពលរដ្ឋ ដើម្បីយកមកធ្វើគម្រោងព្រែកជីកហ្វ៊ូណន-តេជោនោះឡើយ។
ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទេវិពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា មានមហាជនមួយចំនួនលើកឡើងមកសម្ដេចថា ចង់បង្កើតមូលនិធិ ចង់បង្កើតគណនីធនាគារ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតមានវិភាគទានចូលរួមក្នុងការជួយគាំទ្រគម្រោងព្រែកជីកហ្វ៊ូណន-តេជោ។
សម្ដេចបានបញ្ជាក់ថា «ពេលនេះគឺយើងមិនមានតម្រូចវការដើម្បីឱ្យបងប្អូនចូលរួមថវិកានោះទេ រាល់គម្រោងយើងបានគិតពីគម្រោងហិរញ្ញវត្ថិ ធានារាប់ឆ្នាំមកហើយ យើងអរគុណណាស់ទៅហើយចំពោះទឹកចិត្តស្មារតីគាំទ្រស្មារតីជាតិនិយមនេះឯង នេះគឺជាកម្លាំងធំណាស់ ធំជាងថវិកា១០ពានលានដុល្លារទៅទៀត»។
សម្ដេចធិបតីបានបន្តថា ផ្ទះយើងមានសន្តិភាព មានសុខដុមរមនីយកម្ម រួមគ្នាកសាងសមិទ្ធផលថ្មីសម្រាប់យើង និងកូនចៅយើងតទៅទៀត កម្លាំងមហិមានេះហើយជាកម្លាំងជាតិនិយមធំណាស់ កម្លាំងជាតិនិយមដែលរួមគ្នាធ្វើដើម្បីផលប្រយោជន៍ជាតិ ដើម្បីឯករាជ្យជាតិ ដើម្បីភាពម្ចាស់ការរបស់យើងតកូនតចៅរាប់សិបឆ្នាំ។
សម្ដេចបានស្នើសូមកុំបង្កើតមូលនិធិ ឬមួយក៏ប្រមូលថវិកាអ្វីទាំងអស់ ក្រែងលោមានអ្នកឆ្លៀតឱកាស រាជរដ្ឋាភិបាលអត់មានគម្រោងប្រមូលថវិកាពីបងប្អូនដើម្បីអនុវត្តគម្រោងនេះទេ សុំត្រឹមតែការគាំទ្រជាកម្លាំងចិត្ត ស្មារតីជាតិនិយមទៅបានហើយ។
សម្ដេចធិបតីបានបន្តទៀតថា ទោះបីមាន ឬមិនមានការចូលរួមពីអ្នកវិនិយោគបរទេស ខ្មែរត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកមួយនេះឱ្យបាន អត់មានថយក្រោយទេ យើងបានរៀបចំសេណារីយ៉ូ៣ជម្រើសរួចទៅហើយ ដែលត្រូវធានាឱ្យបាន ប្រសិនបើគ្មានថវិកាពីវិនិយោគបរទេស ខ្មែរយើងនឹងធ្វើឱ្យទាល់តែបាន វាអត់មានខាតទេ៕