(ភ្នំពេញ)៖ លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវប្រកាស នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះហើយ រីឯតាមបណ្តាខេត្តផ្សេងៗ នឹងប្រកាស នៅថ្ងៃស្អែក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ។
លទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុបនេះ ក៏នឹងប្រកាសលើបណ្តាទំនាក់ទំនង Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh ផងដែរ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេល ពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡង សរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា ៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។
កន្លងទៅក្រសួងអប់រំចង់ប្រកាស នៅថ្ងៃទី១៣ និង១៤ ខែកញ្ញានេះ ប៉ុន្តែត្រូវប្តូរពេលមកនៅថ្ងៃទី១០ និង១១ ខែកញ្ញាវិញ៕