(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល ដែលត្រូវកូល «ហ៊ុន» គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើកិច្ចការងារនេះឱ្យជោគជ័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។ សម្តេចធិបតី នឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយ វា(គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាផលប្រយោជន៍ត្រកូលហ៊ុន នោះទេ ប៉ុន្តែត្រកូលហ៊ុន គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើ កិច្ចការងារនេះ សម្តេចតេជោ បានផ្តួចផ្តើមធ្វើការងារនេះ ឥលូវខ្ញុំនឹងបន្តធ្វើឱ្យគម្រោងនេះ ចេញជារូបរាងជូនប្រជាពលរដ្ឋយើង»។
បើតាមការថ្លែងរបស់សម្តេចធិបតី ការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ ពីផលប៉ះពាល់។ យោងតាមច្បាប់ ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវារីអគ្គិសនីជាច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា ប៉ុន្តែសម្តេចធិបតី អះអាងថា គ្មានអ្វីមករារាំងគម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា គម្រោងព្រែកជីកហ្វូណន-តេជោ បានសិក្សាយ៉ាងលម្អិតរយៈពេលប្រមាណ ២៦ខែ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមួយ ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ប្រទេសខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ទោះបីយ៉ាងណា គម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សាស្រាវជ្រាវរបស់វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះ បម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាបពណ៌ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យបាត់បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។
ស្រាប់តែនៅព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ គេក៏បានឃើញលោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពីសំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវរបស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់ចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី បានបន្ត ចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញ ឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ? សម្តេចធិបតី ក៏បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី តម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាចបានប្រជាប្រិយទៅសម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។
សម្តេចធិបតី បានថ្លែងថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង ខណៈរាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិ សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ នោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ ហើយការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។ បន្ថែមលើនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ជនខ្លះយកស្មារតីជាតិនិយមធ្វើឱ្យបែកបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕