សហរដ្ឋអាមេរិក និងរុស្ស៊ី ព្រមព្រៀងគ្នាលើបទឈប់បាញ់នៅស៊ីរី ហើយនឹងចូលជាធរមាននៅយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃច័ន្ទ
10-09-2016 09:37
(ស្វីស)៖ បន្ទាប់ពីបានពិភាក្សាគ្នាពេញមួយថ្ងៃ នៅឯទីក្រុង ហ្សឺណែវ ប្រទេសស្វីស សហរដ្ឋអាមេរិក និង រុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងហើយ ស្ដីពីបទឈប់ បាញ់នៅស៊ីរី។ នេះបើយោងតាមការឱ្យដឹងពីប្រមុខការទូត សហរដ្ឋអាមេរិក លោក John Kerry នៅថ្ងៃសុក្រម្សិលមិញ ដែលចុះផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នំា២០១៦។
ផ្អែកលើបទឈប់បាញ់នេះ រដ្ឋាភិបាលស៊ីរី នឹងបញ្ឈប់ការវាយប្រហារ ទៅលើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហើយ លើសពីនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ ដើម្បីប្រយុទ្ធប្រឆំាងនឹង ក្រុម ISIS ក៏ដូចជា ក្រុមរណសិរ្សអាល់ណូស្រា។ តែទោះជាយ៉ាងណា នេះមែនមែន ជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នា ត្បិតអីបទឈប់បាញ់កាលពីពេលមុនៗ ពុំត្រូវបានអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននោះទេ ខណៈជនស៊ីវិល នៅតែបន្តស្លាប់បាត់បង់ជីវិត។
ដោយឡែកជុំវិបញ្ហានេះដែរ ថ្លែងនៅក្រោយជំនួបពិភាក្សា ជាមួយនិងប្រមុខការទូតរុស្ស៊ី លោក Sergie Lavrov, លោក John Kerry បានសង្កត់ធ្ងន់ថា «បទឈប់បាញ់នេះចាំបាច់ណាស់ ត្រូវតែមានការចូលរួមពីសំណាក់របបដឹកនំាក្រុង ដាម៉ាស់ និងក្រុមប្រឆំាងស៊ីរី ដែលត្រូវអនុវត្តកាតាព្វកិច្ចរបស់ពួកគេ»។
សូមបញ្ជាក់ថា បទឈប់បាញ់នេះនឹងត្រូវចូលជាធរមាន នៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទសប្ដាហ៍ក្រោយ។