(ភ្នំពេញ)៖ លោក កឹម សុខា បានចេញមកធ្វើសេចក្តីថ្លែងការណ៍ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅថ្ងៃ០៩ កញ្ញា ដោយបានលើកឡើងនូវចំណុច មួយចំនួនចំពោះមុខមន្ត្រីជាន់ខ្ពស់ សកម្មជន និងប្រជាពលរដ្ឋ។ បើស្តាប់នូវការថ្លែងការណ៍របស់គាត់ គឺពិតជាពិរោះខ្លាំងណាស់ ប៉ុន្តែបើធ្វើការពិចារណា និងវែកញែកវិញនោះ ការថ្លែងរបស់ប្រធានស្តីទីបក្សប្រឆាំង គឺមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ។
សូមធ្វើការពិចារណារកហេតុផល និងការពិតទាំងអស់គ្នាជុំវិញការថ្លែងការណ៍របស់លោក កឹម សុខា៖
១៖ លោក កឹម សុខា ថ្លែងថា លោកសោកស្តាយបំផុត ដែលរហូតមកដល់ពេលនេះហើយ ខ្មែរយើងនៅតែកាប់សម្លាប់គ្នា គុំគួន សងសឹកគ្នា លាបពណ៌គ្នា ជាពិសេសបែកបាក់គ្នាឥតឈប់ឈរ....។
គ្មានប្រជាពលរដ្ឋខ្មែរណា ដែលកំពុងតែកាប់សម្លាប់គ្នាដូចការលើកឡើងរបស់លោក កឹម សុខា នោះទេ។ មានតែក្រុមប្រឆាំងទេ ដែលកំពុងតែបង្កការញុះញង់ ដុតកំហឹង គុំគួន សងសឹក និងលាបពណ៌ មកលើមេដឹកនាំ និងបក្សកំពុងដឹកនាំប្រទេសជាតិមួយនេះ ព្រោះតែមហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្តើមអំណាច។ មានតែមេដឹកនាំបក្សប្រឆាំងទេ ដែលគុំគួនជាមួយរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែ ទប់ស្កាត់គម្រោងទុច្ចរិតរបស់ពួកគេ ក្នុងបំណងធ្វើបដិវត្តពណ៌នៅកម្ពុជា។ បក្សប្រឆាំងពិតជាខឹង និងគុំគួនខ្លាំងណាស់ ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលធ្វើឱ្យពួកគេបរាជ័យម្តងហើយម្តងទៀត ហើយបន្តចាញ់ឆ្នោតជាប់ៗគ្នា៤អាណត្តិកន្លងមកនេះ។ ដូច្នេះគឺមានតែពួកប្រឆាំងទេ ដែលកំពុងតែធ្វើសកម្មភាព សងសឹក និងលាបពណ៌គ្រប់រូបភាពមកលើរដ្ឋាភិបាល និងបក្សកាន់អំណាច។
២៖ លោក កឹម សុខា ថាចង់ឃើញប្រទេសកម្ពុជា មានឯករាជ្យ និងឯកភាពជាតិ ព្រមទាំងចង់ឃើញប្រជាពលរដ្ឋខ្មែរ ទទួលបាននូវសិទ្ធិស្មើគ្នាខាងនយោបាយ សិទ្ធិស្មើគ្នាខាងសេដ្ឋកិច្ច និងសិទ្ធិស្មើគ្នាខាងសង្គម....។
ប្រទេសកម្ពុជាកំពុងមានឯករាជ្យ និងឯកភាពជាតិរួចទៅហើយ ជាពិសេសតាំងពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តផ្ទាល់ជោគជ័យនូវ នយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨មក ហើយប្រជាពលរដ្ឋគ្រប់រូប គឺមានសិទ្ធិស្មើគ្នាទាំងខាងនយោបាយ សេដ្ឋកិច្ច និងសង្គមដែលប្រាសចាកពីការលើកឡើងទាំងស្រុងរបស់លោក កឹម សុខា។ ចំពោះសិទ្ធិនយោយបាយវិញ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកកម្ពុជា «មាត្រា៣៤ថ្មី បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។ ជាមួយគ្នានេះ «មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។ «មាត្រា៤២ ក៍បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ»។ ដូច្នេះលោក កឹម សុខា មិនគួរមួលបង្កាច់ និងភូតកុហកអ្នកគាំទ្ររបស់ខ្លួនផ្ទុយពីអ្វីដែលច្បាប់បានកំណត់នោះឡើយ។
៣៖ លោក កឹម សុខា ថា បានធ្វើការតស៊ូអស់រយៈពេល២០ឆ្នាំ ក្នុងបុព្វហេតុវិស័យសិទ្ធិមនុស្ស....។ បើខ្មែរបន្តធ្វើឱ្យមានការឈឺចាប់រវាងគ្នានឹងគ្នា បង្កជម្លោះ គុំគួន សងសឹកគ្នា មិនចេះចប់ ទីបំផុតខ្មែរគ្រប់ភាគីទាំងអស់ នឹងទទួលរងនូវការវិនាស ហិនហោច ព្រាត់ប្រាស់ រងទុក្ខវេទនាគ្រប់គ្នា....។
២០ឆ្នាំ ដែលលោក កឹម សុខា អះអាងថា បានតស៊ូដើម្បីបុព្វហេតុជាតិ លើវិស័យសិទ្ធិមនុស្ស គឺជាពេលវេលាដែលពលរដ្ឋខ្មែរទូទាំងប្រទេសបានរួចផុតពីរបប ផ្តាច់ការ ដ៏ឃោរឃៅ នៃសម័យខ្មែរក្រហម ដែលបានរំលោភសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងររួចទៅហើយ។ ផ្ទុយទៅវិញ រយៈពេលដែលពលរដ្ឋខ្មែរកំពុងរងការបំបិទសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងរបបប៉ុលពតនោះ គឺលោក កឹម សុខា មិនបានជួយអ្វី ឬតស៊ូអ្វី ដើម្បីពលរដ្ឋខ្មែរនោះទេ ហើយថែមទាំងរមិល គុណដូចសត្វក្រពើចំពោះមេដឹកនាំបក្សកាន់អំណាច ដែលបានជួយរំដោះខ្លួនឱ្យចាកផុតពីរបបវាលពិឃាដ។ នេះបានពិតសត្វក្រពើវង្វេងបឹងមែន។ ប៉ុន្តែមកដល់សម័យកាលដែលខ្មែររស់រានមានជីវិតដោយសុខដុមទៅហើយ រាប់ទាំងខ្លួនលោក កឹម សុខា ផ្ទាល់ ដេកក្នុងផ្ទះវិឡា ជិះឡានទំនើបលុច្សស៊ីស ហើយដើរលេងសើចសប្បាយអស់ដៃ បែរជាមកតាំងខ្លួនជាវីរៈបុរស គឺវាអត់ Logic ទាល់តែសោះ។ ហើយពាក្យដែលលោក កឹម សុខា ថា ខ្មែរនឹងរងការវិនាស រងទុក្ខវេទនា បើខ្មែរនៅតែធ្វើឱ្យមានការឈឺចាប់រវាងគ្នានិងគ្នានោះ គឺវាគ្មានការពិតទាល់តែសោះ ព្រោះថាការប្រឈមរបស់លោក កឹម សុខា និងបក្ខពួករបស់ខ្លួន គឺគ្មានបុគ្គលណាជាអ្នកធ្វើក្រៅតែពីខ្លួនឯងឡើយ។ លោក កឹម សុខា បានប្រព្រឹត្តល្មើសនឹងច្បាប់ ហើយ មិនហ៊ានទទួលស្គាល់ការពិត ប៉ុន្តែគាត់បែរជាចាត់ទុកថា មានអ្នកធ្វើឱ្យ គាត់ឈឺចាប់ទៅវិញ។ ចុះពេលដែលលោក កឹម សុខា ឡើងឋានសួគ៌ សប្បាយក្អាកក្អាយ ជាមួយស្រីស្នេហ៍ជាច្រើនរបស់ខ្លួន ដើរលេង ស៊ីចាយ ទាំងក្នុង និងក្រៅប្រទេសនោះ តើវាជាការរៀបចំ ឱ្យគាត់មានការឈឺចាប់ដែរយ៉ាងណា? មានតែបុគ្គល កឹម សុខា ខ្លួនឯងទេ ដែលដឹងច្បាស់ថាទ្វើររបស់គាត់ កើតឡើងពីភាពល្មោភតណ្ហា ឬក៏កើតឡើងពីការបង្ខិតបង្ខំ? ម៉្យាងវិញទៀត លោក កឹម សុខា ជាអ្នកប្រព្រឹត្ត ដូច្នេះពលរដ្ឋខ្មែរ នឹងមិនត្រូវវិនាស ឬរងទុក្ខវេទនា ក្រៅពីបុគ្គល កឹម សុខា ខ្លួនឯង ដែលកំពុងប្រឈមនឹងច្បាប់នោះទេ ដូចពាក្យចាស់បានព្រានប្រដៅថា «ក្បាលអ្នកណាសក់អ្នកហ្នឹង» ។
៤៖ លោក កឹម សុខា ថាមានការគំរាមកំហែង បំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ប៉ុនប៉ងចាប់ដាក់គុក ប៉ុនប៉ងសម្លាប់ អាយុជីវិតរបស់គាត់ជាច្រើនដង.....។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សុទ្ធតែដឹងថា ការប្រឈមនឹងផ្លូវច្បាប់ រហូតធ្វើឱ្យលោក កឹម សុខា ភ័យតក់ស្លុតបាត់ម្ចាស់ការ ហើយរត់ទៅពួន នៅក្នុងបន្ទប់៤ម៉ែត្រ៤ជ្រុង រហូតដល់សព្វថ្ងៃ គឺផ្តើមចេញពីការប្រព្រឹត្តកំហុស និងភាពអាម៉ាស់ងើបមុខមិនរួចរបស់គាត់។ គ្មាននរណាម្នាក់មួលបង្កាច់ ឬចោទប្រកាន់លោក កឹម សុខា នោះទេ ប៉ុន្តែសម្លេងសន្ទនារបស់គាត់ជាមួយស្រីស្នេហ៍រួមទាំងប្រពន្ធចុងជាស្រីយួនទាំងអស់នោះ គឺជាការពិត ដែលគាត់ខ្លួនឯងមិនដែលហ៊ានចេញមុខមកបដិសេធឡើយ។ លោក កឹម សុខា អះអាងថា មានការប៉ុនប៉ងចាប់គាត់ដាក់គុក ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះគាត់នៅតែមានសេរីភាពនៅឡើយ ហើយគឺមានតែគាត់ទេ ដែលព្យាយាមរត់ទៅរស់នៅក្នុងគុក នៅទីស្នាក់ការបក្សដោយខ្លួនឯង។ បើនិយាយពីការគំរាមកំហែងដល់ជីវិតវិញ គឺរឹតតែមិនពិតទៀត ព្រោះបើលោក កឹម សុខា ត្រូវគេប៉ុនប៉ងសម្លាប់ជាច្រើនដងមែន ប្រហែលជាពេលនេះគាត់មិនអាចនៅមានជីវិតឈរស្រែកលឺៗចេញពីស្នាក់ការបក្សរបស់ខ្លួននោះទេ ព្រោះមុនពេលគាត់ដាក់គុកខ្លូនឯង គាត់ដើរហើរដោយសេរី ចូលសណ្ធាគារ ចូលកាត់សក់ម៉ាស្សា។ ល។
៥៖ លោក កឹម សុខា និយាយថា គេបាននឹងកំពុងធ្វើទុកបុកម្នេញគាត់....ជាពិសេសប្រព័ន្ធតុលាការ ជាឧបករណ៍នយោបាយ.....ក្នុងគោលបំណងបញ្ចប់ជីវិតនយោបាយរបស់គាត់....។
មិនថាតែលោក កឹម សុខា ជាអ្នកនយោបាយនោះទេ សូម្បីតែពលរដ្ឋសាមញ្ញក៏ត្រូវតែប្រឈមនឹងផ្លូវច្បាប់ដែរ បើរកឃើញថា បានប្រព្រឹត្តខុសទៅនឹងច្បាប់នោះ។ លោក កឹម សុខា មិនអាចចោទប្រកាន់ស្ថាប័នតុលាការថា ជាឧបករណ៍នយោបាយ ដោយគ្មានមូលដ្ឋាននោះទេ ព្រោះតុលាការបានអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ដោយផ្អែកលើភ័ស្តុតាង និងសាក្សីច្បាស់លាស់។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា «មាត្រា១២៨ថ្មី ចែងថា អំណាចតុលាការជាអំណាចឯករាជ្យ» (មិនអាចចោទប្រកាន់ ឬរំលោភបានឡើយ)។ នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា តុលាការបានផ្តល់សិទ្ធិឱ្យគាត់ប្តឹងតវ៉ាជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ ដោយគ្មានការបំបិទសិទ្ធិឡើយ។ ការចោទប្រកាន់ថា មានការវាយប្រហារ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់គាត់ក៏មិនត្រឹមត្រូវដែរ ព្រោះបើសិនជាគាត់មិនបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ តុលាការក៏មិនចាត់វិធានការលើគាត់ដែរ បើគាត់ជាមនុស្សស្អាតស្អំពិតប្រាកដមែននោះ ដូច្នេះគាត់មិនត្រូវខ្លាចច្បាប់នោះឡើយ។
៦៖ លោក កឹម សុខា ថា ការវាយប្រហារលើរូបលោក ជាប្រធានស្តីទីបក្សសង្គ្រោះជាតិ ដែលជាបក្សគូប្រកួតដ៏ធំជាងគេ ជាមួយនឹងបក្សកាន់អំណាច នឹងធ្វើឱ្យការបោះឆ្នោតមិនមានលក្ខណៈត្រឹមត្រូវអាចទទួលយកបានឡើយ និងជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានន័យថា គេចង់ឱ្យកម្ពុជា វិលទៅរករបបផ្តាច់ការដូចដើមវិញ.....។
គណបក្សដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនៅកម្ពុជា គឺមានដល់ទៅជាង៤០គណបក្សនយោបាយ បើគ្រាន់តែគណបក្សសង្គ្រោះជាតិមួយ មិនចូលរួមក្នុងការបោះឆ្នោត ក៏នៅមានគណបក្សជាច្រើនទៀតដែរ។ ដូច្នេះវាមិនប៉ះពាល់ដល់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានោះទេ។ ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ នៅមានថ្នាក់ដឹកនាំជាច្រើនរូបទៀត ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោត ទោះបីជាលោក កឹម សុខា បាត់បង់សិទ្ធិនយោបាយ និងមិនអាចចូលរួមក្នុងការបោះឆ្នោត ក៏មិនមែនមានន័យថា បក្សទាំងមូលមិនអាចចូលរួមប្រកួតប្រជែងដែរ។ ដូច្នេះលោក កឹម សុខា មិនអាចនិយាយថា គ្មានរូបលោក ធ្វើឱ្យការបោះឆ្នោតមិនមានលក្ខណៈត្រឹមត្រូវនោះទេ។ គ្មានបុគ្គលណាម្នាក់ ចង់ឱ្យកម្ពុជាវិលទៅរករបបផ្តាច់ការដូចលោក កឹម សុខា ថាឡើយ ជាពិសេសគឺរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន តែម្តង ព្រោះលោក ហ៊ុន សែន នេះហើយ ដែលជាអ្នកត្រួសត្រាយ និងដឹកនាំនាវាកម្ពុជាចេញពីរបបផ្តាច់ការខ្មែរក្រហម ដោយបានលះបង់ និងឆ្លងកាត់នូវឧបសគ្គជាច្រើនឥតគណនា។ ដូច្នេះការចោទប្រកាន់របស់លោក កឹម សុខា ថា រដ្ឋាភិបាលចង់ឱ្យកម្ពុជាវិលទៅរករបបផ្តាច់ការនោះ គឺមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលទៅវិញទេ ដែលខិតខំការពារប្រទេសកម្ពុជាគ្រប់ស្ថានភាពទាំងអស់ ដែលបក្សប្រឆាំងខំប្រឹងកូរ ឱ្យវឹកវរ និងចលាចលក្នុងសង្គម នាពេលកន្លងមក។
ដូច្នេះការថ្លែងការណ៍របស់លោក កឹម សុខា គ្រាន់តែធ្វើឡើង ដើម្បីបង្វែរការចាប់អារម្មណ៍ និងគេចវេសពីផ្លូវច្បាប់តែប៉ុណ្ណោះ។ ការថ្លែងការណ៍នេះពិតជាមានចរិតមួលបង្កាច់រដ្ឋាភិបាល ដែលមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមជាតិ ក្នុងពេលបច្ចុប្បន្នឡើយ។ អ្នកប្រព្រឹត្តខុសច្បាប់ គឺត្រូវប្រឈមនឹងផ្លូវច្បាប់ ដោយមិនអាចចៀសរួចនោះទេ។ ដូច្នេះទោះបីជាលោក កឹម សុខា ខំប្រឹងថ្លែងមួលបង្កាច់និងភូតកុហកយ៉ាងណា ក៏គាត់នៅតែមិនអាចកែប្រែជោគវាសនារបស់គាត់បានដែរ ព្រោះគាត់ បានប្រព្រឹត្តល្មើសរួចទៅហើយ ដូចពាក្យចាស់បានព្រានប្រដៅ «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ សាងបុណ្យបានបុណ្យ សាងបាបបានបាប»៕