(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជំនាន់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមគ្នាកសាងនិងអភិវឌ្ឍខេត្តឧត្តរមានជ័យឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងឱកាសខួប២៥ឆ្នាំនៃការប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលខេត្តឧត្តរមានជ័យ។

យោងតាមប្រវត្តិបានបញ្ជាក់ថា ខេត្តឧត្តរមានជ័យរហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងចំនួន៣លើករួចមកហើយ ដោយបង្កើតលើកទី១ដោយព្រះរាជក្រមលេខ១៩៤ ប.រ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ បង្កើតលើកទី២ដោយព្រះរាជក្រមលេខ២៨២ ប.រ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ១៩៦៦ នៅសម័យសង្គមរាស្ត្រនិយម ដោយព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវលើកទីតាំងដាក់នៅខេត្តសៀមរាបវិញ។ ការបង្កើតលើកទី៣ដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៥/ ០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ដោយផ្តាច់ចេញពីខេត្តសៀមរាប។

ខេត្តឧត្តរមានជ័យ ជាខេត្តចុងក្រោយគេបង្អស់ទូទាំងប្រទេស ដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៉ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ចប់សង្គ្រាមផ្តៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។

អភិបាលខេត្តឧត្តរមានជ័យ គិតមកដល់បច្ចុប្បន្ននេះមានចំនួនសរុប១២រូប រួមមាន៖
* លោក ជា អេង កាន់តំណែងដល់ឆ្នាំ១៩៦៩
* លោក ឡុច ធិប កាន់តំណែងបាន២០ថ្ងៃ
* លោក គៀន ទ្រី កាន់តំណែងរហូតឆ្នាំ១៩៧៤
* លោក គីង សាម៉ន កាន់តំណែងពីឆ្នាំ១៩៧៤ ដល់១៩៧៥
* សមមិត្ត ហួត ហិន ហៅមិត្ត កើត តួនាទីជាប្រធានគណៈបម្រើប្រជាជនតំបន់១០៦ (ខេត្តឧត្តរមានជ័យ)សម័យកម្ពុជាប្រជាធិបតេយ្យ
* លោក ចំរើន ជាតិ កាន់តំណែងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០
* លោក ឡុង សារិន កាន់តំណែងពីឆ្នាំ២០០០ដល់ឆ្នាំ២០០១
* លោក ឡៃ វីរៈ កាន់តំណែងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៥
* លោក គុជ ម៉ូលី កាន់តំណែងពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៦
* លោក ប៉ិច សុខិន កាន់តំណែងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣
* លោក ស ថាវី កាន់តំណែងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨
* លោក ប៉ែន កុសល្យ កាន់តំណែងពីឆ្នាំ២០១៨ រហូតបច្ខុប្បន្ន។

ខេត្តឧត្តរមានជ័យមានក្រុងចំនួន១ និងស្រុកចំនួន៤ រួមមាន ក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ក្នុងនោះមានឃុំចំនួន១៩ និងសង្កាត់មាន៥ ស្មឹនិង៣០៨ភូមិ។ ខេត្តឧត្តរមានជ័យមានច្រកព្រំដែនចំនួន៣ជាប់ជាមួយប្រទេសថៃ រួមមាន ច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជំនាន់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមគ្នាកសាងនិងអភិវឌ្ឍខេត្តឧត្តរមានជ័យឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកក៏សូមឧទ្ទិសបួងសួដល់វិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានស្លាប់បាត់បង់ជីវិត សូមវិញ្ញាណក្ខន្ធលោកទាំងអស់បានដល់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ហើយលោកនឹងប្តេជ្ញាកសាងខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ននេះ៕