(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ លោក ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញប្រកាសចាត់តាំងសមាសភាពបន្ថែម នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង៥ នៃខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី លោក លោកស្រី អនុប្រធានក្រុមការងារ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរីជាច្រើនរូបផងដែរ។
ការប្រារព្ធពិធីនេះធ្វើឡើង ដើម្បីប្រកាសសមាសភាពបន្ថែមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងបែងចែកសមាសភាព តួនាទី និងភារកិច្ច ក្រុមការងារចុះមូលដ្ឋានទៅតាមក្រុង/ស្រុក ក្នុងគោលដៅ អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កសាងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស និងសេចក្តីសម្រេចនានា ជួយមូលដ្ឋានដោះស្រាយបញ្ហានានា ទាក់ទងនឹងការបោះឆ្នោតសកល និងអសកល និងជំរុញគណៈកម្មាធិការគណបក្សតាមថ្នាក់នីមួយៗ ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការ បំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលគណបក្សបានកំណត់ ។
លោកប្រធានក្រុមការងារ បានសម្តែងការអបអរសាទរលោក លោកស្រី សមាជិក សមាជិកា ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ផ្តល់សេចក្តីទុកចិត្តចាត់តាំងសមាសភាពបន្ថែមក្រុមការងារគណបក្ស និងពាំនាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សមេ្តចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោក លោកស្រី និង សមាជិក សមាជិកាគណបក្សនៅមូលដ្ឋាន ព្រមទាំងពាំនាំការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គបោះឆ្នោតទាំងអស់នៅខេត្តមណ្ឌលគិរី ដែលចំនួនអ្នកទៅបោះឆ្នោតមានចំនួន១០៨/១០៨នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។
ទន្ទឹមនោះ លោក ឈួន វិន បានគូសបញ្ជក់ពីភារកិច្ចរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្រុកនីមួយៗ ដែលមានទួលខុសត្រូវចំពោះមុខក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងគណបក្សថ្នាក់ខ្លួន ក្នុងការដឹកនាំ និងត្រួតពិនិត្យគ្រប់វិស័យការងាររបស់គណបក្ស ដើម្បីអនុវត្តរាល់ភារកិច្ចនយោបាយ ដែលគណបក្សថ្នាក់លើបានកំណត់ និងសេចក្តីសម្រេចចិត្តរបស់គណបក្សថ្នាក់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ និងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃសម្រេចបាននាពេលនេះ ជាការបង្ហាញនូវជំនឿជាក់ ទំនុកចិត្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះស័្មគ្រ និងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សធានាបាននូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍៕