(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិន ដែលបានពលី និងរងរបួស នៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំមានក្ដីរន្ធត់ក្ដុកក្ដួលក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យ យោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕