(ពោធិ៍សាត់)៖ លោក ផាត់ សារុន ប្រធាន ការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកវាលវែង បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងដុំពកស្បែកគោក្របីជូនកសិករ ឈ្មោះ លៀង ពេជ្រ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចំនួន៣៦៨ក្បាល។

ការចុះចាក់វ៉ាក់សាំងជំងឺសារទឹក និងដុំពកស្បែកគោក្របី គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺឆ្លងសត្វ ដែលតែងតែកើតមាន ជារៀងរាល់ឆ្នាំលើសត្វគោក្របីរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា ដោយមានការគាំទ្រ ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនូវ វ៉ាក់សាំង ការពារថ្នាំព្យាបាលសម្ភារៈ បរិក្ខា បសុពេទ្យ ក៏ដូចជាការិយាល័យជំនាញផ្ទាល់ តែងតែយកចិត្តទុកដាក់ ដល់សុខភាពសត្វ របស់ ប្រជាពលរដ្ឋ តាមរយៈការចុះយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ចុះតាមដានឃ្លាំមើល ស្ថានភាព ជំងឺសត្វ រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិ ដែលនៅគៀកជិតនឹងប្រជាពលរដ្ឋ នៅនឹងមូលដ្ឋានស្រាប់ ដើម្បីរាយការណ៍ និងទប់ស្កាត់ ឱ្យ បាន ទាន់ពេលវេលា ក្នុងគោលបំណង កាត់បន្ថយអត្រាឈឺ និងស្លាប់សត្វ៕