(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាននាំយកថវិកាសរុបចំនួន ២៥,០០០ដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែក និងជួយសម្រួលលើការងារផ្សេងៗរបស់មន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យផ្តល់សេវាដោយមិនយកប្រាក់។
ថវិកានេះ បានមកពីកម្មវិធីការប្រកួតវាយកូនគោលមិត្តភាពសប្បុរសធម៌រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
សូមបញ្ចាក់ថា កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៌រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្មវិធីនេះ មានកីឡាករចូលរួមប្រមាណ ១០០នាក់ និងមានការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន០៣រួមមាន៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្រុមហ៊ុន ជីប ម៉ុង លែន និងក្លឹបវាយកូនហ្គោលហ្រ្គេន ភ្នំពេញ។ បន្ថែមពីលើនោះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនចំនួន១២ផ្សេងទៀត និងពីសំណាក់សាខានៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមបណ្តាសាខាខេត្តផងដែរ។
ជំនួសមុខឱ្យមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ម្ចាស់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភកម្មវិធី ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕