(មណ្ឌលគិរី)៖ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រធាន អនុប្រធានក្រុមការងារ ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។
ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមគាំទ្រ និងចូលរួមអនុវត្ត រួមមាន៖ (១) ជំរុញការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ (២)យកចិត្តទុកដាក់លើការជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព (៣) យកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីជាតិផ្សេងៗ (៤) យកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ និងប្រកបរបរក្នុងប្រព័ន្ធ (៥) យកចិត្តទុកដាក់ជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករក្នុងការទទួលបានការជួយគាំពារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារ និងការផ្តល់ហិរញ្ញប្បទានកសិកម្ម ស្របតាមគោលនយោបាយជាតិ និង (៦) យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ថ្នាក់ជាតិ ក្នុងការចូលរួមជំរុញ និងចាត់បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្ម ចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ដើម្បីលើកកម្ពស់ការយល់ដឹងជំនាញកសិកម្ម។
ដោយឡែក វិធានការគន្លឹះទាំង៥ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត រួមមាន៖ (១) កម្មវិធីកំណែទម្រង់លើវិស័យមុខងារសាធារណៈ (២) កម្មវិធីកំណែទម្រង់លើវិស័យអប់រំ (៣) ជំរុញការអនុវត្ត និងពង្រឹងការងារវិស័យសុខាភិបាល (៤) ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និង (៥)ការងារកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។
បន្ថែមពីនេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនទៀតមានដូចជា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងស្រុក ឃុំសង្កាត់ចំនួន៦លើក រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយឆ្លើយតបបញ្ហាប្រឈម សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី បានចំនួន ១០លើក ចូលរួមឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារថវិកា ដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា ព្រមទាងការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះនានា បានចំនួន ៤លើក និងចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ចុះសួរសុខទុក្ខចាស់ជរា និងប្រជាពលរដ្ឋ ក្រលំបាក និងមានជំងឺ បានចំនួន ៤លើក។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធាន បានសម្តែងការអបអរសាទរលើសមិទ្ធផលទាំងអស់ ក៏ដូចជាថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រូប ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទន្ទឹមនេះ លោកប្រធាន ឈួន វិន ក៏បានដាក់ទិសដៅការងារបន្តមួយចំនួន ដែលរួមមាន៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក ត្រូវរៀបចំក្រុមលេខាធិការវេទិកាសាធារណៈនៃឃុំ សង្កាត់នីមួយៗ និងបូកសរុបលទ្ធផលវេទិកាសាធារណៈតាមភូមិនីមួយៗ និងស្នើដល់តំណាងក្រសួងពាក់ព័ន្ធវិស័យសំខាន់ៗ ដោយសូមលើកយកតែ ៥វិស័យគឺ វិស័យកសិកម្ម វិស័យធនធានទឹក វិស័យទេសចរ វិស័យបរិស្ថាន វិស័យរ៉ែ និងថាមពលដោយត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំធ្វើបទបង្ហាញសង្ខេបចែករំលែកជូនអង្គប្រជុំ សម្រាប់កិច្ចប្រជុំត្រីមាសទីពីរ ព្រមទាំងសិក្សាកំណត់អាទិភាពតំបន់គោលដៅទេសចរណ៍ និងពិនិត្យលទ្ធភាពការចុះទៅទីតាំងសំខាន់តាមក្រុង ស្រុកនីមួយៗ ដើម្បីសិក្សាអំពីសក្តានុពលនៅតំបន់ទាំងនោះ ហើយជំរុញការផ្សព្វផ្សាយឱ្យកាន់តែច្រើន និងទូលំទូលាយបន្ថែមទៀត តាមរយៈក្រុមការងារផ្សព្វផ្សាយដែលមានសមាសភាពទទួលខុសត្រូវពីថ្នាក់ខេត្ត ដល់ក្រុងស្រុកតែម្តង។
លោក ឈួន វិន បានលើកទឹកចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឱ្យបានជោគជ័យលើគ្រប់ការងារ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅកំណត់ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕