(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងណាស់ អំពីការកសាងមូលធនមនុស្ស ដោយធ្វើយ៉ាងម៉េចឱ្យមនុស្ស ក្លាយជាមូលធនពិតប្រាកដរបស់ជាតិ។

លោកថ្លែងបែបនេះ ក្នុងឱកាសសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានសិក្ខាកាមដែលជាលោកគ្រូអ្នកគ្រូ បុគ្គលិក និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាលាក្រោយបរិញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបចំនួន ៣០០នាក់។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ អំពីការកសាងមូលធនមនុស្ស ធ្វើយ៉ាងម៉េចឱ្យមនុស្សក្លាយជាមូលធនពិតប្រាកដរបស់ជាតិ។ ដូចខ្ញុំនិយាយមុននេះ គឺពូកែ ចំណេះ ជំនាញ យ៉ាងតិចមាន១ ច្បាស់លាស់ ខ្លាំង ហើយមានសុខភាពល្អ មានសីលធម៌ល្អ ជំនាញរឹង ជំនាញទន់ គ្រប់បែបយ៉ាង ដើម្បីធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់»។

បើតាមលោក ប៉ែន បូណា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បាន​បញ្ជាក់ថា កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅ​ត្រឹម​ឆ្នាំ២០៥០។

សម្តេចធិបតី​ បានបញ្ជាក់ដែរថា​ កម្ពុជានឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ កម្ពុជានឹងការពារ​ឱ្យ​បាន​ជាដាច់ខាតនូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។

ទន្ទឹមនឹងការ​ខិត​ខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ ហើយបន្ដស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និង​ហិរញ្ញប្បទាន ដើម្បីជួយឲ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រម​ទាំង​ជំរុញសមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក៕