(ហូជីមិញ)៖ រដ្ឋមន្រ្តីទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ ថៃ ម៉យ៉ាន់ម៉ា និងវៀតណាម បានព្រមព្រៀងប្ដេជ្ញារួមគ្នាពង្រឹងការ ថែរក្សាតុល្យភាពនៃសម្បត្តិទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងចូលរួមការពារក្រុមជនងាយរងគ្រោះដោយផលប៉ះពាល់ពីវិស័យទេសចរណ៍។
ការលើកឡើងបែបនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃប្រទេស ACMECS និងពិព័រណ៌ទេសចរណ៍ អន្តរជាតិ លើកទី១២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០១៦ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។
កិច្ចប្រជុំអន្តរជាតិនេះ ក៏មានការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មទេសចរណ៍ អង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកជំនាញទេសចរណ៍ និងអភិបាលក្រុងនៃប្រទេសទាំង៥ខាងលើ ដែលមានការពិភាក្សាគ្នា ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយទេសចរណ៍បៃតង និងការទទួលខុសត្រូវ ស្របតាមសេចក្ដីប្រកាស ណៃពិដោ ដោយប្រមុខរដ្ឋាភិបាល។
រដ្ឋមន្រ្តីទេសចរណ៍ នៃប្រទេសទាំង៥ខាងលើ ក៏បានព្រមព្រៀងចេញសេចក្ដីប្រកាសទេសចរណ៍ប្រកបដោយការទទួល ខុសត្រូវ ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្តពង្រឹងឱ្យមានតុល្យភាពក្នុងការអភិវឌ្ឍ លើកកម្ពស់ការប្រើប្រាស់សម្បត្តិទេសចរណ៍ វប្បធម៌ ទេសចរណ៍ធម្មជាតិ ជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស បង្កើតឱកាសការងារថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គាំទ្រការពារក្រុមជនងាយរងគ្រោះដោយផលប៉ះពាល់ពីវិស័យទេសចរណ៍។
ក្នុងឱកាសនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា ការធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ ទេសចរណ៍ណាមួយ ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចជាការរួមចំណែក ក្នុងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
លោករដ្ឋមន្រ្តី ថោង ខុន បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ ផ្នែកឯកជននានា ត្រូវចូលរួមរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៥ មានភ្ញៀវទេសចរអន្តរជាតិ ចំនួន៥២លាននាក់ បានមកទស្សនកិច្ចប្រទេសតំបន់ ACMACS ក្នុងនោះមាន៨.៨លាននាក់ ជាទេសចរផ្ទៃក្នុង៕