(ភ្នំពេញ)៖ ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ និង កឹម សុខា​ ដែលជាជនមានទោស បានសម្រេចចិត្តបែបល្ងង់ខ្លៅនិងតាម បែបព្រៃ ថ្លែងការណ៍បដិសេធសេចក្តីសម្រេច របស់តុលាការដែលបានសម្រេចផ្តន្ទាទោស កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» លើរឿងក្តីដែលផ្តើមចេញពីរឿងអាស្រូវលោ្មភកាមរបស់ កឹម សុខា ខ្លួនឯង ។

រឿងនេះមិនពិបាកយល់ទេ។ បើ កឹម សុខា​ មិនប្រព្រឹត្តិរឿងអាស្រូវផ្លូវភេទ និងបរិហារគេ ក៏គ្មានបណ្តឹងដែរ​​ ។ បើគ្មានបណ្តឹង ក៏តុលាការគ្មានមូលដ្ឋានអង្គហេតុនិងអង្គច្បាប់លើកយកករណីតាមពាក្យប្តឹងយកទៅជំនុំជម្រះដែរ ។ បើ កឹម​ សុខា​ ចូលខ្លួនបំភ្លឺតាមផ្លូវច្បាប់ ក៏គ្មានការជំនំុជម្រះក្តីនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦នេះដែរ ។​

ក្នុងនាមប្រជាជនកម្ពុជា ដែលធ្លាប់រងគ្រោះក្នុងរបបវាលពិឃាត ប៉ុល ពត យើងខ្ញុំសូមទូន្មានលោក កឹម សុខា​ ថា ភាពឆ្កួត លីលារបស់អ្នកនយោបាយដូច ប៉ុល ពត ដែលមិនឱ្យតម្លៃតុលាការនេះហើយ ដែលធ្វើឱ្យប្រជាជាតិកម្ពុជាឯរងគ្រោះ​ ។ កុំព្យាយាមយកព្រលឹង ប៉ុល ពត មកសណ្ថិតក្នុងខ្លួនឱ្យសោះ​ ។ កំុស្រែកតាម ប៉ុល ពត ​៖ ជយោ ! ប្រជាធិបតេយ្យ តែមិនទទួលយកតុលាការ ។ បើរឿងក្តីមួយដែលគេប្តឹង ហើយមិនយកទៅជំនុំជម្រះតាមផ្លូវច្បាប់ សួរថា​ ÷ តើយកត្បូងចប គល់ឬស្សី មកសម្រេចសេចក្តី​តាម ប៉ុល ពត ឬយ៉ាងដូចម្តេច?

មកដល់ម៉ោងនេះ​ គ្មានអ្នកណាម្នាក់ឈឺចាប់ទេ ។ ជីវភាពសង្គម សេដ្ឋកិច្ច និងអ្វីៗគ្រប់យ៉ាង គឺដំណើរការធម្មតា ។ គ្មានការស្លន់ស្លោរ ស្លរឈាមទេ ។ មានតែអ្នកប្រព្រឹត្តល្មើស ហើយចង់រួចខ្លួន និងមិនហ៊ានទទួលខុសត្រូវទេ ដែលស្រែក ជំទាល ដើម្បីបំភ័ន្ត និងបន្លំភាពភ័យខ្លាចរបស់ខ្លួន ។​

កម្ពុជា ជាប្រទេសមានច្បាប់ ។ កម្ពុជា គ្មានទោសប្រហារជីវិតទេ ។​ តុលាការជាតិមាន៣ថ្នាក់ ។ បើមិនសុខចិត្ត​ ប្តឹងឧទ្ទរណ៍ទៅ​ ។​ ហើយបើចចេសមិនព្រមយល់អំពីច្បាប់ នៅឱ្យស្ងៀម​ រង់ចាំសាលក្រមចូលជាស្ថាពរហើយដល់ថ្ងៃនោះ​​ ក៏ចូលគុកតែម្តងទៅ កុំឱ្យពិបាកបន្តបោកប្រាស់សកម្មជនខ្លះ ឱ្យគាត់មកដេកតាមចិញ្ចើមផ្លូវបែបនេះ​​ ។

ប្រភពផ្ទៃក្នុងបក្សសង្គ្រោះជាតិកូតា​ សម រង្ស៉ី អ្នកណាៗក៏គេធុញនឹង កឹម សុខា​ ដែលបានកំពុងបំផ្លាញបក្សមួយនេះ ដោយសារតែរឿងអាសោចខ្លួនឯងនេះដែរ។ កន្លងមកសុទ្ធតែគំរាមគេ បើអ្នកណាមិនមកស្នាក់ការកំដរខ្លួន គឺមិនដាក់ បេក្ខភាព ឈរឈ្មោះបោះឆ្នោតទេ ។​ ប្រភពផ្ទៃក្នុងបក្សសង្គ្រោះជាតិខ្លះទៀត ក៏កំពុងជ្រិញ​នឹងអ្នកនាងកូនស្រីរបស់ កឹម​ សុខា ផងដែរ ដែលបានកកូរបក្សទាំងមូល ដើម្បីការពាររឿងអាស្រូវរបស់ឪឯង ។

អ្នកប្រជាធិបតេយ្យពិតប្រាកដ គ្មានអ្វីត្រូវខ្លាច រហូតមិនហ៊ានទទួលយកសង្គម «នីតិរដ្ឋ» និង​ «ច្បាប់» នោះទេ។ កឹម សុខា​ មិនអាចបន្លំមតិប្រជាជន១៥លាននាក់បានទេ ។

សំខាន់និងជាសីលធម៌ គឺកុំបន្តភូតភរសកម្មជនខ្លួនឯងដោយអសីលធម៌ ហើយយកបក្សប្រឆាំងមួយនេះ ដែលជាកេរ្តិ៍ របស់គេ ធ្វើជាស្លឹកចេក បិទបាំងរឿងអាស្រូវខ្លួនឯង !៕