(សិង្ហបុរី)៖ ករណីថ្មីចំនួន១២ នៃការចម្លងវីរ៉ុស Zika នៅក្នុងតំបន់ ត្រូវបានរាយការណ៍ថាបានកើតឡើង ដោយក្រុមអាជ្ញាធរ នៅថ្ងៃសុក្រនេះ បណ្តាលឲ្យចំនួនសរុប នៃករណីវីរ៉ុស Zika ក្នុងប្រទេសសិង្ហបុរី កើនឡើងដល់៣០៤ករណី។ នេះបើតាម សារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅក្នុងរបាយការណ៍រួមមួយ របស់ក្រសួងសុខាភិបាល (MOH) និងភ្នាក់ងារបរិស្ថានជាតិ (NEA) បានឲ្យដឹងថា ក្នុងចំណោម១២ករណីថ្មីនោះ មាន១០ករណីជាប់ពាក់ព័ន្ធនឹងតំបន់ Aljunied Crescent/ Sims Drive/ Kallang Way/ Paya Lebar Way និងករណីទៀត មានការជាប់ពាក់ព័ន្ធនឹងតំបន់ Elite Terrace ហើយករណីថ្មីផ្សេងទៀត មិនមានការពាក់ព័ន្ធ ទៅនឹងតំបន់ ដែលធ្លាប់មានវីរ៉ុសរីករាលដាលនោះទេ។
ភ្នាក់ងារ NEA បានបន្ថែមថា ខ្លួនបាននឹងកំពុងបន្តប្រតិបត្តិការគ្រប់គ្រង់ការចម្លងមេរោគ និងកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សា អ្នកជំងឺនៅតាមមូលដ្ឋាន នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយវីរ៉ុសនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ជម្រកពូជសត្វមូសសរុបចំនួន១៨៣ ត្រូវបានរកឃើញ និងបំផ្លាញចោលនៅតំបន់ ប្រមូលផ្តុំ ក្នុងនោះមាន១១៤ជម្រក នៅក្នុងផ្ទះ និង៦៩ជម្រក នៅតំបន់ធម្មតា ឬបរិវេណផ្សេងទៀត៕