(ភ្នំពេញ)៖ កិច្ចប្រជុំពិភាក្សាលើប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០១៧ រវាងក្រសួងការងារ តំណាងរោងចក្រ និងសហជីព ជាតំ ណាងរបស់កម្មករ នៅថ្ងៃដំបូងនេះ មិនទាន់ទទួលបានលទ្ធផលជាក់លាក់ណាមួយនៅឡើយទេ តែមានការយល់ចិត្តគ្នាច្រើន ដែលអាចនឹងឈានទៅរកលទ្ធផលល្អប្រសើរមួយនាពេលខាងមុខ។ បើទោះបីជាយ៉ាងភាគីទាំងបី នឹងកំណត់ជួបពិភាក្សាគ្នាលំអិតជាថ្មីម្តងទៀត នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពី បញ្ចប់កិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីស្ដីពីការពិភាក្សាបប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភ័ណ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៧ ពេញមួយថ្ងៃនេះ សម្រេចបានលទ្ធផលមួយចំនួន រួមមាន៖
ទី១. បានរៀបចំក្រមសីលធម៌សម្រាប់ការចរចាប្រាក់ឈ្នួល និងបានស្ដាប់ឡើងវិញពីលក្ខណៈវិនិច្ឆ័យ និងរូបមន្តក្នុងការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
ទី២. បានបញ្ជាក់ពីគោលជំហរផ្លូវការរបស់ភាគីនីមួយៗ ចំពោះមុខគ្នា ជាមួយហេតុផលបឋមក្នុងការសម្រេចយកតួលេខរបស់ភាគីនីមួយៗ
ទី៣. ក្រសួងការងារបានរៀបចំបន្ទប់ប្រជុំចំនួន២ ដែលមានសម្ភារការិយាល័យ កុំព្យួទ័រ ព្រីធ័រ និងភេសជ្ជៈ សម្រាប់់ភាគីកម្មករនិយោជិត និងភាគីនិយោជក ប្រើប្រាស់សម្រាប់ភាគីទាំងពីរ ប្រើប្រាស់សម្រាប់ប្រជុំផ្ទៃក្នុង និងប្រជុំទ្វេភាគី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃប្រជុំសម្រេច
ទី៤. បានកំណត់យកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់ចប្រជុំពិភាក្សាលម្អិតជាលក្ខណៈត្រីភាគី
ទី៥. បានស្ដាប់នូវសំណូមពរ និងតម្រូវការរបស់ភាគីកម្មករ និងបានយល់គ្នាទៅវិញទៅមកបន្ថែមទៀត អំពីគោលបំណងរួមរបស់រាជរដ្ឋាភិបាល ដែលជាទូទៅគឺដូចគ្នាទៅនឹងគោលបំណងរបសើភាគីកម្មករ និយោជិតដែរ។
សូមជម្រាបថា ជំនួបពិភាក្សានៅថ្ងៃទី០៩ ខែកញ្ញា នេះ គឺជាជំនួបលើកដំបូងហើយរវាងភាគីពាក់ព័ន្ធក្នុងកិច្ចពិភាក្សាលើប្រាក់ឈ្នួលរបស់កម្មករឆ្នាំ២០១៧។ បើទោះបីជាការពិភាក្សាមិនទាន់ទទួលបានលទ្ធផលគាប់ប្រសើរយ៉ាងណាក្តី តែជាការកត់សម្គាល់គ្រប់ភាគី ពាក់ព័ន្ធហាក់មានការយល់ចិត្តគ្រាច្រើននៅក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ។
សម្រាប់ប្រាក់ឈ្នួលរបស់កម្មករឆ្នាំ២០១៧ មានការដាក់តួលេខខុសៗគ្នារវាងភាគីកម្មករ និងភាគីរោងចក្រ។ ក្នុងនោះភាគីកម្មករបានដាក់តួលេខប្រាក់ឈ្នួលរហូតដល់ «១៧៩.៦ដុល្លារ» ក្នុងមួយខែ ខណៈតំណាងរោងចក្រអះអាងថា ការដំឡើងប្រាក់ឈ្នួលអប្បរមា ឆ្នាំ២០១៧ មិនអាចឱ្យលើសពី «១៤៤.២ដុល្លារ» ក្នុង១ខែបាននោះឡើយ៕