(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកភរិយា ព្រមទាំងមន្ត្រីរដ្ឋបាលរាជធានី មន្ត្រីសង្ឃ ពុទ្ធបរិស័ទ្ធ និង លោកអភិបាលខណ្ឌច្បារអំពៅ បានចូលរួមពិធីស្រោចស្រព ព្រះសុគន្ធវារីប្រកាស តែងតាំង ព្រះចៅអធិការវត្តនិរោធរង្សី ប្រគេនព្រះអគ្គញាណ ស្រេង សុខា និងគ្រូសូត្រស្តាំ ឆ្វេង។ ការប្រកាសតែងតាំងនេះ បានធ្វើឡើង នៅរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការប្រកាសតែងតាំង ព្រះអគ្គញាណ ស្រេង សុខា ជាព្រះចៅអធិការវត្តនិរោធរង្សី នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយ ដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈាន ទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។
លោកអភិបាល បានបន្តថា «យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើង ជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបាន ប្រមូលផ្គុំ បាននូវកម្លាំងប្រកប ដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ»។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ខណ្ឌច្បារអំពៅ មាន ២៤ វត្ត ក្នុងនោះគណៈមហានិកាយ ចំនួន ២២វត្ត និងគណៈធម្មយុត្តិកនិកាយ ចំនួន ២វត្ត ព្រះសង្ឃសរុប ១២៤១អង្គ ។ ដោយឡែក វត្តនិរោធរង្សី មានព្រះសង្ឃសរុប ចំនួន ៨៨អង្គ គណៈកម្មការវត្ត អាចារ្យវត្ត ១៩នាក់ សីលវ័ន្ត សីលវត្តី ៦នាក់ និស្សិត សិស្ស ស្នាក់នៅ ចំនួន ១០នាក់ ។
លោក អ៊ាង ស៊ីផានបានបន្តថា អ្វីដែលជាមោទនភាព និងចាប់អារម្មណ៍នោះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ ក្នុងខណ្ឌច្បារអំពៅ បានបំពេញតួនាទីយ៉ាង សកម្មក្នុងការលើកស្ទួយកិត្តិយសព្រះពុទ្ឋ សាសនា ឲ្យកាន់តែ មានភាពថ្លៃថ្នូររុងរឿង ដោយការគោរពប្រតិបត្តិតាមព្រះ ពុទ្ធឱវាទ ដែលជាមាគ៌ាសន្តិភាពស្ងប់រំងាប់ បង់នូវភ្លើងទុក្ខ និងភ្លើងកិលេសផងទាំងពួង ជាមាគ៌ាប្រាសចាកអំពើហិង្សា ការបៀតបៀន ការប្រទូស្តរាយចំពោះជីវិត សត្វ ព្រមទាំងការអភិវឌ្ឍន៍ឲ្យមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ៕