(ភ្នំពេញ)៖ ផ្សារដើមគរថ្មី ឬមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិបានបើកសម្ពោធជាផ្លូវការហើយ លើផ្ទៃដីសរុប៣០ហិតា ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ នាំមកនូវកសិផលនិងទំនិញដែលមានគុណភាពល្អនិងតម្លៃធូរថ្លៃជូនចំពោះប្រជាជនកម្ពុជា ហើយក៏ជំរុញឱ្យកសិផលនិងទំនិញផ្សេងៗទៀតនៅកម្ពុជាលក់ទៅកាន់ទីផ្សារពិភពលោកវិញដែរ។

ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីលោក លាំង អ៉ីហ្គ័ន (Liang Yiguang) អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃពិព័រណ៍អាស៊ាន-ចិន លោក ជូ ឡី (Zhu Lei) អធិការនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ព្រមទាំងអាជីវករ ភ្ញៀវកិត្តិយសប្រមាណ៣០០នាក់។

លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ បានប្ដេជ្ញាថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិបានខិតខំសហការជាមួយដៃគូអភិវឌ្ឍទាំងអស់ ដើម្បីនាំមកនូវកសិផលនិងទំនិញផ្សេងៗដែលមានគុណភាពល្អនិងតម្លៃធូរថ្លៃជូនចំពោះប្រជាជនកម្ពុជា ហើយក៏ជំរុញឱ្យកសិផលនិងទំនិញផ្សេងៗទៀតនៅកម្ពុជាលក់ទៅកាន់ទីផ្សារពិភពលោកដែរ។

លោកប្រធាន សៀក បានប្ដេជ្ញាប្រែក្លាយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិប្រែក្លាយទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន នាថ្ងៃអនាគត ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះរវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនក្នុងតំបន់អាស៊ានផងដែរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន បានបង្ហាញក្ដីសង្ឃឹមថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងបម្រើការដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ហើយរួមចំណែកដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចិនផង។ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានទទួលលទ្ធផលជាផ្លែផ្កាច្រើន ហើយប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្មធំបំផុតនិងប្រទេសវិនិយោគធំបំផុតនៃប្រទេសកម្ពុជា។

លោកក៏បានវាយតម្លខ្ពស់ចំពោះការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺសមស្របនឹងនិន្នាការនៃការបង្កើនកិច្ចសហប្រតិបត្តិការជាក់លាក់រវាងប្រទេសកម្ពុជានិងប្រទេសចិន
ក៏ដូចជានៅក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរកម្ពុជា-ចិន សហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលក្នុងយុគសម័យថ្មីដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ បានក្លាយជាគំរូក្នុងការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលបានបញ្ចូលថាមពលវិជ្ជមានចំពោះសន្តិភាព ស្ថិរភាព​ និងវិបុលភាពតំបន់។

នាឱកាសនោះ លោកអភិបាល ឃួង ស្រេង បានលើកឡើងថា ការជំរុញដល់ការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ បានធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនត្រូវបានពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការតភ្ជាប់គ្នាជាមួយនឹងរដ្ឋាភិបាលចិនតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន សំដៅជំរុញដល់ការកសាងឧស្សាហកម្ម ៤.០ ដ៏មានប្រៀបក្នុងការប្រកួតប្រែងទីផ្សារពិភពលោកសម្រាប់ប្រទេសកម្ពុជានិងប្រទេសចិន។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដ៏សំខាន់នៅរាជធានីភ្នំពេញដ៏មានសារៈសំខាន់ណាស់។ ទី១-មជ្ឈមណ្ឌលពាណិជ្ជកម្មដើរតួនាទីសំខាន់ក្នុងការនាំចេញ-នាំចូលកសិផល និងរក្សាស្ថិរភាពនៃខ្សែផ្គត់ផ្គង់ បានបង្កើនទំហំពាណិជ្ជកម្មនៃកសិផលកម្ពុជាឱ្យក្លាយទៅជាមជ្ឈមណ្ឌលចែកចាយកសិផល នេះនឹងអំណោយផលដល់ការផ្សព្វផ្សាយកសិផលកម្ពុជាដ៏មានគុណភាពល្អៗទៅដល់តំបន់ផ្សេងៗលើពិភពលោក។ ទី២-ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះអាចជំរុញដល់ទំនើបកម្មនៃទីក្រុងភ្នំពេញ។ តាមរយៈរៀបចំផ្សារឱ្យបានសមស្របនិងត្រឹមត្រូវ ទំនិញដែលធូរថ្លៃនិងមានគុណភាពខ្ពស់នឹងលើកកម្ពស់កំរិតពាណិជ្ជកម្មនៃផ្សារបោះដុំធំនៅភ្នំពេញយ៉ាងមានប្រសិទ្ធភាព ហើយអាចសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុងបញ្ចុះហានិភ័យសុវត្ថិភាព និងកែលម្អបរិស្ថានរាជធានីភ្នំពេញ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់ការកសាងនិងអភិវឌ្ឍនៃផ្សារថ្មីនេះ។

គួរជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិទ្រង់ទ្រាយធំដំបូងបង្អស់នៅប្រទេសកម្ពុជា។
នៅពេលអនាគត នឹងកសាងឱ្យក្លាយជាផ្សារបោះដុំជំនាញដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន ហើយនឹងបង្កើតទៅជាផ្សារចម្រុះដែលបោះដុំកសិផលនិងទំនិញផ្សេងទៀត៕