Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះឃ្លាំងអេតចាយនៅប្រទេស Benin នាំឲ្យមនុស្ស ១០០នាក់ស្លាប់ និង ជាង ២០០នាក់របួស

09-09-2016 18:20

(កូតូណៅ)៖ ឃ្លាំងអេតចាយ ឬទីលានផ្ទុកកាកសំណល់នៅទីក្រុង កូតូណៅ នៃប្រទេស បេណីន (Benin) ស្ថិតនៅតំបន់អាហ្វ្រិកខាងលិច ជាប់ព្រំដែននីហ្សេរីយ៉ា បានផ្ទុះឡើងបង្កឲ្យមនុស្សជាង ១០០នាក់បាត់បង់ជីវិត និង ជាង២០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

តាមការអះអាងពីទូរទស្សន៍រដ្ឋ Canal3 ការផ្ទុះដ៏កក្រើកបានបង្កើតជាភ្លើងឆាបឆេះ នៅក្នុងឃ្លាំងដែល ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រនៃភាគខាងត្បូងរដ្ឋធានី កូតូណៅ នៅថ្ងៃព្រហស្បតិ៍។ មកដល់ថ្ងៃ សុក្រ នេះអាជ្ញាធរបានបញ្ជាក់ថាមនុស្សចំនួនជាង ១០០នាក់បានស្លាប់ ខណៈអ្នករងរបួស ២០០នាក់ទៀត មានខ្លះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដែលអាចនឹងបាត់បង់ជីវិតបន្ថែមទៀត។

ដោយឡែកសម្រាប់មូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែភាគច្រើននៃមនុស្សស្លាប់ គឺជាអ្នកបម្រើការងារនៅក្នុងឃ្លាំង ឬទីវាលផ្ទុកសំរាមនោះ រួមជាមួយនឹងជនក្រីក្រ ដែលរកស៊ីរើសនិងកែច្នៃសំរាមផងដែរ៕