(ភ្នំពេញ)៖ វិនិយោគិនអន្តរជាតិ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំការប្រកួតប្រជែង សម្រាប់អាជីវកម្មថ្មី ហើយជួបជាមួយនឹងវិនិយោគិនក្នុងស្រុក អំឡុងពេលទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ដែលបណ្ដាញវិនិយោគិន អេនជែលមេគង្គ (MAIN) មានចំនួន០៩នាក់ មកពីអាមេរិក អូស្ត្រាលី អឺរ៉ុប និងវៀតណាម ដែលជាក្រុមវិនិយោគិន ជួយសហគ្រិនលំដាប់អន្តរជាតិមួយ កំពុងមានវត្តមាននៅកម្ពុជា ក្នុងគោលបំណងស្វែងរកអាជីវកម្មថ្មីៗ ដែលមានសក្តានុពល ហើយកំពុងត្រូវការថវិកា ដើម្បីដំណើរការអាជីវកម្ម។
វិនិយោគិនក្នុងស្រុកចំនួន៥ ដែលបានឈ្នះនូវការប្រកួតរួមមាន៖ Golden Yem Tea (GY), Plas Gate, Dream Fashion, Crassna និង Angkor E&C។
ព្រឹត្តិការណ៍សំខាន់មួយ ក្នុងដំណើរទស្សនកិច្ចនេះ គឺការជ្រើសរើសសហគ្រិនជយលាភី ដែលស្រដៀងគ្នានឹងកម្មវិធីទូរទស្សន៍ ដ៏ពេញនិយមមួយចំនួនដូចជាកម្មវិធី Dragon’s Den នៅចក្រភពអង់គ្លេស ឬ Shark Tank នៅសហរដ្ឋអាមេរិក ដែលក្នុងកម្មវិធីទាំងនោះ សហគ្រិនថ្មីៗបានបង្ហាញពីគោលគំនិតអាជីវកម្មរបស់ខ្លួន ដល់ក្រុមគណៈកម្មការវាយតម្លៃមួយ ដែលសុទ្ធតែជាវិនិយោគិនអន្តរជាតិ និងក្នុងស្រុក ដែលកំពុងសំឡឹង រកគំនិតអាជីវកម្មថ្មីៗ ដែលពួកគេចង់ផ្ចុងផ្តើម ។
ក្រុមប្រតិភូរបស់បណ្តាញ MAIN ដែលសហការគាំទ្រដោយគម្រោង គំនិតផ្ដួចផ្ដើមអាជីវកម្មតំបន់ទន្លេមេគង្គ (Mekong Business Initiative) និងមូលនិធិ Lotus Fund ក្រោមការឧបត្ថម្ភ ផ្នែកមូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលអូស្ត្រាលី ។
គួរបញ្ជាក់ថា ក្រុមវិនិយោគិនរបស់បណ្តាញ MAIN បានរៀបចំសិក្ខាសាលានៅឯសាល Emerald Hub ដែលស្ថិតនៅជាន់ទី១១ នៃ សកលវិទ្យាល័យអន្តរជាតិភ្នំពេញ ដើម្បីជួយដល់សហគ្រិន ក្នុងស្រុកជាង២០រូប ឲ្យពង្រឹងបទបង្ហាញគោលគំនិត អាជីវកម្មរបស់ខ្លួន មុនពេលកម្មវិធីជ្រើសរើស សហគ្រិនជយលាភី៕