(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រៅពីប្រកាសជំហរផ្ទាល់ខ្លួនគាំទ្រគម្រោងដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិនៅពេលនេះ លោក ព្រាប កុល បានបង្ហាញការយល់ឃើញរបស់ខ្លួនថា នៅវេលានេះជាពេលចាំបាច់បំផុតសម្រាប់កូនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយទម្លាក់ចោលការខ្វែងគំនិតគ្នា និងរួបរួមគ្នាឈរពីក្រោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជាក់ពីការសាមគ្គីជាតិ និងឯកភាពជាតិ និងដើម្បីជំនះនូវឧបសក្តិទាំងឡាយក្នុងដំណើរឆ្ពោះទៅរកការកសាងព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន។

លោក ព្រាប កុល តាមរយៈសំណេរនៅលើបណ្ដាញសង្គម បានរៀបរាប់យ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសារដ៏សំខាន់មួយ ដែលកូនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយត្រូវកត់ត្រាទុកជាប្រវត្តិសាស្ត្រជុំវិញសារៈប្រយោជន៍ នៃព្រែកជីកហ្វូណនតេជោក៏ដូចជាការជំទាស់ និងរារាំងរបស់ប្រទេសវៀតណា ទៅលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ខ្ញុំយល់ឃើញថានេះ គឺជាពេលវេលាដ៏ចាំបាច់បំផុតសម្រាប់កូនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយទម្លាក់ចោលនូវការខ្វែងគំនិតគ្នា និងរួបរួមគ្នាឈរពីក្រោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជាក់ពីការសាមគ្គីជាតិ និងឯកភាពជាតិ និងដើម្បីជំនះនូវឧបសក្តិទាំងឡាយក្នុងដំណើរឆ្ពោះទៅរកការកសាងព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន»

លោក ព្រាប កុល បន្តថា សមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រនេះ គឺសម្រាប់បម្រើដល់ឧត្តមប្រយោជន៍របស់ខ្មែរគ្រប់ជំនាន់។ ដូច្នេះត្រូវតែរួមចំណែកគាំទ្រទាំងអស់គ្នា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕