(ម៉ាទ្រីត)៖ មនុស្សយ៉ាងហោចចំនួន០៣នាក់ ត្រូវគេជឿជាក់ថាបានបាត់បង់ជីវិត និងច្រើនជាង ៥០នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ រថភ្លើងក្រឡាច់ចេញពីផ្លូវ ពេលកំពុងបើកបរ នៅភាគខាងជើង ប្រទេស អេស៉្បាញ។ នេះបើតាមការផ្សាយដោយវែបសាយ Independent របស់អង់គ្លេស នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា មនុស្សចំនួន០៣នាក់បានស្លាប់ និងជនរងគ្រោះទីបួន កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យ ក្រោយពីរថភ្លើងមួយខ្សែ បានក្រឡាប់នៅស្ថានីយ៍រថភ្លើង O Porriño ស្ថិតនៅភាគពាយ័ព្យ នៃខេត្ត Galicia ក្នុងប្រទេសអេស៉្បាញ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងម៉ាទ្រីត)។
បន្ថែមពីនេះទៀត មនុស្សជាច្រើនទៀតបានរងរបូស ហើយអាជ្ញាធរប្រចាំតំបន់ Galician បានឲ្យដឹងថា ទីភ្នាក់ងារសង្រ្គោះបន្ទាន់នានា បានបញ្ជូនគ្រូពេទ្យតាមឧទ្ធម្ភាគចក្រ ទៅដល់កន្លែងកើតហេតុភ្លាមៗ។
សាក្សីម្នាក់បានអះអាងថា រថភ្លើងមួយខ្សែផ្ទុកអ្នកដំណើរចំនួនប្រមាណ៦០នាក់ ដែលបានធ្វើដំណើរឆ្ពោះទៅ ប្រទេសព័រទុយហ្គាល់ បានរអិលចេញពីគន្លងផ្លូវ ខណៈដែលវាបានមកដល់ស្ថានីយ៍រថភ្លើង O Porriño ហើយជ្រុលទៅបុកបង្គោលខ្សែភ្លើងនៅក្បែរនោះ។
ក្រុមហ៊ុនសំណង់ផ្លូវដែក Adif បានបញ្ជាក់ថាខ្លួនបានបើកការស៊ើបអង្កេត ស្វែងរកមូលហេតុ ដែលបានបណ្តាលឲ្យមានរថភ្លើងមួយខ្សែ នេះធ្លាក់ចេញពីលើផ្លូវ ដែលមានសភាពត្រង់ស្មើធម្មតានោះ៕