(វ៉ាស៊ីនតោន)៖ បេសកម្មប្រមូលទិន្នន័យលើអាចម៍ផ្កាយ Bennu របស់អាមេរិកបានចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួនជាលើកដំបូង នៅថ្ងៃសុក្រនេះ ដោយវាគឺជាការធ្វើដំណើររយៈពេល០៧ឆ្នាំ ដែលអាចនឹងធ្វើឲ្យ មនុស្សមានការយល់ដឹងកាន់តែធំទូលាយជាងមុន អំពីប្រព័ន្ធព្រះអាទិត្យនិងដើមកំណើតដំបូង នៃជីវិតនៅលើផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
យានអាវកាស OSIRIS-REx ដែលភ្ជាប់នៅពីលើ រ៉ុក្កែត Atlas 5 ត្រូវបានបង្ហោះចេញពីស្ថានីយ៍អាវកាស Cape Carnival នៃរដ្ឋ Florida សហរដ្ឋអាមេរិក នៅម៉ោង ៧៖០៥នាទីយប់ថ្ងៃព្រហស្បតិ៍។ OSIRIS-REx មានឈ្មោះពេញថា Origins, Spectral Interpretation, Resource, Identification, Security-Regolith Explorer បានបំបែកខ្លួនចេញពីរ៉ុក្កែត Atlas 5 ដោយជោគជ័យនិងបន្តដំណើរជាផ្លូវការ លើគន្លងដ៏ វែងឆ្ងាយរបស់ខ្លួនដើម្បី តាមដាន វិភាគ និងយកគំរូដីឬថ្ម របស់អាចម៍ផ្កាយមួយឈ្មោះថា Bennu។
វត្ថុបំណងរបស់ OSIRIS-Rex គឺប្រមូលយកគំរូតាងរបស់អាចម៍ផ្កាយ Bennu ដោយវាត្រូវបានជ្រើសយក សម្រាប់បេសកម្ម ដែលមានតម្លៃ៨០០លានដុល្លារអាមេរិកនេះ ដោយសារកត្តាពិសេសៗមួយចំនួនដូចជា រយៈចម្ងាយរបស់វាពីផែនដី ទំហំសមល្មមរបស់វា សមាសធាតុដែលមានអាយុកាលដ៏យូរលង់របស់វា និងគន្លងដ៏គ្រោះថ្នាក់របស់វានៅជុំវិញផែនដី។
ទីភ្នាក់ងារអាវកាសអាមេរិក NASA បានឲ្យដឹងថា កម្ទេចកម្ទីរនានាពីដូចជា Bennu គឺជាបំណែក សេសសល់ពីទម្រង់ប្រព័ន្ធព្រះអាទិត្យ ដែលមានអាយុកាលជាង៤,៥ពាន់លានឆ្នាំមុន ហើយពួកវា ប្រហែលជាប្រភពនៃទឹកនិងម៉ូលេគុលសេរីរាង្គ ដែលចាំបាច់សម្រាប់ផែននិងភពផ្សេងៗ។
ដោយហេតុនេះហើយ ដំណើរស្វែងរកមួយនេះ អាចនឹងផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សចំពោះ ប្រព័ន្ធព្រះអាទិត្យកាលពីរាប់ពាន់លានឆ្នាំមុន ដោយគំរូតាងដ៏ល្អមួយរបស់កម្ទេចផ្កាយ ដែលមានប្រភព ច្បាស់លាស់ អាចនឹងធ្វើឲ្យការវិភាគមានភាពត្រឹមត្រូវ និងច្បាស់លាស់បន្ថែមទៀត ហើយវាប្រាកដជានឹងផ្តល់នូវលទ្ធផលគួរឲ្យកត់សម្គាល់។
បើអ្វីៗប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុកនោះ OSIRIS-REx នឹងទៅដល់អាចម៍ផ្កាយ Bennu នៅឆ្នាំ២០១៨ ហើយនឹងចំណាយពេល០២ឆ្នាំ ក្នុងការថតយករូបភាព និងគូសផែនទី ដើម្បីឲ្យយើងយល់ កាន់តែច្បាស់អំពីវា។ បន្ទាប់មកនៅឆ្នាំ២០២០ យានអាវកាស OSIRIS-REx និងទៅដល់អាចម៍ផ្កាយ Bennu ដើម្បីប្រមូលយកកម្ទេចថ្មនិងធូលីនៅលើវា យ៉ាងហោចណាស់ឲ្យបានទម្ងន់៦០ក្រាមដោយប្រើ ឧបករណ៍ចាប់យកមានឈ្មោះថា Touch-and-Go Samle Acquisition Mechanism និង រក្សាទុកនៅក្នុងប្រអប់ផ្ទុកគំរូតាង ដែលមានបំពាក់នៅលើយានស្រាប់៕