(ពោធិ៍សាត់)៖ ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារភ្នំក្រវាញ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាសុខាភិបាល និងបានផ្តល់អំណោយជាវត្ថុកំដរដៃ ដល់មន្ត្រីផ្តល់សេវាសុខាភិបាល និងស្តី្រដែលត្រៀមនឹងឆ្លងទន្លេ នៅមណ្ឌលសុខភាពព្រងិល ក្នុងស្រុកភ្នំក្រវាញ។
លោក ម៉ៅ ធនិន ថ្លែងថា សកម្មភាពនេះ ជាការអនុវត្តទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ គិតគួរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបានក្រើនរំលឹកដល់មន្ត្រី ដែលផ្តល់សេវាសុខាភិបាល ត្រូវប្រើពាក្យសម្តីឲ្យបានសមរម្យ កុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងអនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។ ចំពោះសំណូមពរគ្រែសម្រាលកូនចំនួន៤គ្រែ លោកនឹងចាត់ឲ្យមន្ទីរសុខាភិបាលផ្តល់ជូន ទៅតាមតម្រូវការជាក់ស្តែង។
នៅក្នុងឱកាសបន្តចុះសួរសុខទុក្ខបងប្អូន អាជីវករផ្សារភ្នំក្រវាញ លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក និងត្រួតពិនិត្យលើការស្ថាបនាដំបូលផ្សារ ដោយចាត់ឲ្យអ្នកទទួលម៉ៅការភាស៊ី សម្រួលជូនឲ្យបានទាន់ពេលវេលា។
នេះមិនមែនជាលើកទី១ទេ ដែលលោកបានចុះសួរសុខទុក្ខ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្សេងៗ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ ប្រព័ន្ធរបស់លោកនឹងបើកទទួលរង់ចាំបងប្អូនទូរស័ព្ទចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង។
លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៨ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ព្រោះរយៈពេលនៃការចុះឈ្មោះ គឺមានតែ៩០ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងថ្ងៃដដែរនោះ លោក ម៉ៅ ធនិន ក៏បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលប្រព័ន្ធធារាស្ត្រ និងចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដែលជួបគ្រោះរាំងស្ងួតក្នុងស្រុកបាកាន ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដល់មន្ត្រីជំនាញ ត្រូវអនុវត្តន៍ឲ្យបានចេញជាផ្លែផ្កា៕