(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានចំនួនជាង ១០០០លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៤៨៣ ២៥៩.៥០លានរៀល ស្មើនឹងប្រមាណជា១២០.៨១លានដុល្លារ។
សម្រាប់រយៈពេល០៨ ខែឆ្នាំ២០១៦ ប្រមូលចំណូលពន្ធ-អាករសរុបបានចំនួន ៤,៣០៣,៧៩៦.៣៨ លានរៀលប្រមាណជា១,០៧៥.៩៥ លានដុល្លារ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ ប្រភេទសម្រាប់រយៈពេល ០៨ខែ ឆ្នាំ២០១៦ កើនឡើងចំនួន ៧១៧,៥២៧.៥៧លានរៀល ប្រមាណជា ១៧៩.៣៨ លានដុល្លារ ឬស្មើនឹងអត្រាកំណើន២០.០១%។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានសម្តែងនូវកិច្ចស្វាគមន៍ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោក គង់ វិបុល ប្រធានអង្គប្រជុំបានណែនាំ ដល់អង្គភាពពន្ធដារ ក្រោមឱវាទទាំងអស់របស់អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូលពន្ធ ជាពិសេស ផ្តោតជាសំខាន់លើកិច្ចការមួយចំនួនដូចជា៖ ពង្រឹងការគ្រប់គ្រង ការអនុវត្តវិធានវិក្កយបត្រ របស់បណ្តាសហគ្រាសនានា, បង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃសេវាសាធារណៈ ជូនអ្នកជាប់ពន្ធ, បន្តជំរុញការគ្រប់គ្រង និងផ្សព្វផ្សាយអំពីការធ្វើបច្ចុប្បន្នភាព អចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ និងពង្រឹងការប្រមូលពន្ធប្រភេទនេះសម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត, បន្តពង្រឹងការប្រមូលពន្ធលើការជួលអចលនទ្រព្យ (ដី-ផ្ទះ) តាមរយៈការដាក់ឲ្យអនុវត្តការគ្រប់គ្រង ការប្រកាសបង់ពន្ធប្រភេទនេះ តាមប្រព័ន្ធកុំព្យូទ័រថ្មី, គ្រោងនឹងបោះពុម្ពបណ្ណសម្គាល់ ការបង់ពន្ធលើអចលនទ្រព្យ ដូចគ្នានឹងបណ្ណសម្គាល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលបានបោះពុម្ពកន្លងមក ដើម្បីសម្រួលដល់ការបង់ពន្ធ របស់អ្នកជាប់ពន្ធ នៅបណ្តាឆ្នាំបន្តបន្ទាប់ខាងមុខ។
ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាល ជំរុញឲ្យមន្ត្រីពន្ធដារ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕