បញ្ហាទំនាស់ដីធ្លី ១៤៧ហិកតា នៅឧទ្យានជាតិគីរីរម្យ ដែលបានអូសបន្លាយ ១៧ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់
09-09-2016 16:33
(កំពង់ស្ពឺ)៖ បញ្ហាទំនាស់ដីធ្លី មួយរវាងប្រជាសហគមន៍ចំបក់ និងលោកសុខ សារិទ្ធ លើផ្ទៃដីទំហំ ១៤៧ហិកតា នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គីរីរម្យ» ដែលបានអូសបន្លាយអស់រយៈពេល១៧ឆ្នាំមកហើយ ត្រូវបានដោះស្រាយប្រកប ដោយជោគជ័យ ដោយមានការសម្របសម្រួល ពីក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ស្ពឺ និងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀតផងដែរ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ការចុះពិនិត្យដោះស្រាយ លើទីតាំងដីទំនាស់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមាន ការឯកភាពគ្នាជាមុន រវាងសហគមន៍ចំបក់ និងលោក សុខ សារិទ្ធ ដោយក្នុងកិច្ចប្រជុំនោះដឹកនាំ ផ្ទាល់ដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ជាក់ស្ដែងនៅថ្ងៃនេះ លោក ស្រ៊ុន ដារិទ្ធិ នាយខុទ្ទកាល័យក្រសួងបរិស្ថាន ក្រុមការងារក្រសួងបរិស្ថាន និងមានការចូលរួមពី អាជ្ញាធរខេត្តកំពង់ស្ពឺ មន្ទីរជំនាញពាក់ព័ន្ធ ព្រមភាគីទំនាស់ទាំងពីរ បានដោះស្រាយទំនាស់នេះ បញ្ចប់ប្រកបដោយភាពជោគជ័យ មានស្មារតីយោគយល់ ការទទួលខុសត្រូវខ្ពស់ និងមានការឯកភាពគ្នា រវាងភាគីទាំងពីរ គឺខាងភាគីសហគមន៍ ទទួលបានផ្ទៃដីទំហំ ៩៧.១៧៥ហិកតា ចំណែកខាងលោក សុខ សារិទ្ធ ទទួលបានដីទំហំ៤៩.៨២៥ហិកតា៕