(ចិន)៖ ទីក្រុង ណាននីង (Nanning) ជាទីក្រុងរបស់ខេត្តក្វាងស៊ី ជាតំបន់ស្វយ័ត នៅភាគខាងត្បូងប្រទេសចិន។ វាជាទីតាំងមួយដែលត្រូវបានគេស្គាល់ថា ជាទីក្រុងបៃតង ដោយសារសម្រស់ធម្មជាតិពណ៌ខៀវស្រងាត់ នៃព្រៃត្រូពិកនៅទីនោះ។ ដោយសារភាពទាក់ទាញ និងសម្រស់ស្រស់ស្អាតនៃធម្មជាតិ និងខ្យល់អាកាសនៅទីនោះ ជម្រុញឲ្យទីក្រុងនេះក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ទីក្រុងនេះក៏ជាទីតាំងរៀបចំ ព្រឹត្តិការណ៍សំខាន់ៗលំដាប់អន្តរជាតិផងដែរ។
ជាក់ស្តែងការតាំងពិព័រណ៍អាស៊ាន-ចិន លើកទី១៣ ក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងវេទិកាវិនិយោគ ពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ក៏ត្រូវបានរៀបចំឡើងក្នុងទីក្រុងនេះដូចគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ។ ក្នុងកម្មវិធីក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតស្តីពីទីក្រុងណាននីញ៖
* ព័ត៌មានទូទៅ៖
• ចៅហ្វាយក្រុង៖ Zhou Hongbo
• ផ្ទៃក្រឡា៖ ២២.១៨៩គីឡូម៉ែត្រការ៉េ
• ចំនួនប្រជាជន៖ ៦.៩១៣.៨០០នាក់(ឆ្នាំ២០១៤)
• ដង់ស៊ីតេ៖៣១០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ
* ប្រវត្តិទីក្រុង
ទីក្រុងណាននីញ ធ្លាប់ជាដែនដីរបស់ជនជាតិ Baiyuy (រស់នៅភាគខាងត្បូងចិន និងខាងជើងវៀតណាម) ក្រោយមក បានក្លាយជាទីក្រុងរបស់ខេត្ត Jinxing ដែលបំបែកខ្លួនពីខេត្ត Yulin។
ក្នុងរជ្ជកាលស្តេច Yuan ក្នុងឆ្នាំ១៣២៤ ទីក្រុងនេះត្រូវបានប្រែឈ្មោះថា Nanning Lu ដែលមានន័យថា «សូមឲ្យមានតែសន្តិភាពនៅព្រំដែនខាងត្បូង»។ ក្នុងសម័យប្រវតិ្តសាស្ត្រ ទីក្រុងមួយនេះ ធ្លាប់មានភាពល្បីល្បាញផ្នែកពាណិជ្ជកម្ម ព្រមទាំងមានមន្ត្រីពាណិជ្ជកម្មជាច្រើន ធ្វើដំណើរពីតំបន់ផ្សេងៗទៀតនៃប្រទេសចិនមកទីនេះ។
ក្នុងរជ្ជកាល Ming ទីក្រុងដ៏ស្រស់ស្អាតមួយនេះ បានក្លាយជាមជ្ឈមណ្ឌលនៃទន្លេ Zuo និងទន្លេ You ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញថា «Nanjing តូច»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្រៃខៀវស្រងាត់មួយនេះ បានក្លាយជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ China-ASEAN EXPO កាលពីឆ្នាំ២០០៥ និងជាកន្លែងរៀបចំព្រឹត្តិការណ៍ "World Robotics Olympiad" ក្នុងឆ្នាំ២០០៦ផងដែរ។
* ការបែងចែករដ្ឋបាល៖
ទីក្រុងណាននីញ ត្រូវបានបែកចែកជា៧ស្រុក និង៥តំបន់ រួមជាមួយតំបន់អភិវឌ្ឍន៍ ៦កន្លែង។ វាស្ថិតនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសវៀតណាម។
* ទិដ្ឋភាពទូទៅរបស់ទីក្រុង៖
ទីក្រុងណាននីង ជាកន្លែងដែលមានប្រជុំដោយអគារខ្ពស់ ក្នុងនោះក៏មានអគារខ្ពស់ជាងគេទី២១ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនផងដែរ គឺមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Diwang ដែលមានកម្ពស់ ២៧៦ម៉ែត្រ ដែលបច្ចុប្បន្នជាប់ឈ្មោះជាអគារខ្ពស់ជាងគេប្រចាំខេត្ត Guangxi និងភាគខាងត្បូងប្រទេសចិន។ ដោយឡែកអគារខ្ពស់ទីពីររបស់ទីក្រុងណាននីញ គឺអាគារ World Trade Commerce City ដែលមានកម្ពស់ ២១៨ម៉ែត្រ។ បច្ចុប្បន្នទីក្រុងនេះ មានអគារកម្ពស់ជាង ១០០ម៉ែត្រ ចំនួន៧កន្លែង ស្ថិតក្នុងដំណាក់កាលកំពុងសាងសង់។
ថ្មីៗនេះរដ្ឋាភិបាល កំពុងចាប់ផ្តើមគម្រោងទីក្រុងស្អាត ក្នុងគោលដៅសម្អាត និងបង្កើនសម្រស់ទីក្រុង។ ក្នុងគម្រោងនោះមានដូចជា កាត់បន្ថយការលក់ចំណីអាហារតាមដងផ្លូវដែលគ្មានអាជ្ញាប័ណ្ណ រឹតបន្តឹងទៅលើការចតរថយន្តតាមដងផ្លូវ និងកាត់បន្ថយស្ត្រីរកស៊ីផ្លូវភេទ ជាពិសេសនៅតំបន់ភាគខាងលិច និងជុំវិញស្ថានីយរថភ្លើង។ បច្ចុប្បន្នកម្មវិធីពីរដែលសម្រេចបានជោគជ័យខ្ពស់មានដូចជា កាត់បន្ថយសំរាម និងស្ត្រីរកស៊ីផ្លូវភេទ។
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Diwang
* វិស័យសេដ្ឋកិច្ច៖
ក្នុងឆ្នាំ២០០៧ ទីក្រុងណាននីញ មាន GDP ប្រមាណ ១០៦.៣ពាន់លានយន់ ដែលបានកើនឡើង ១៧.១ភាគរយ បើប្រៀបធៀបនឹងកាលពីឆ្នាំ២០០៦។ ទីក្រុងណាននីញ ជាប្រភពនៃធនធានរ៉ែជាច្រើនប្រភេទ ដោយមួយភាគបីនៃធនធានរ៉ែរបស់ប្រទេសចិន មានប្រភពពីទីក្រុងមួយនេះ។ ទីក្រុងណាននីញ មានតំបន់ឧស្សាហកម្មពីរសំខាន់ៗគឺ តំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Guilin និងតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យា និងសេដ្ឋកិច្ចណាននីញ។ ទីក្រុងណាននីញ មានប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវអាកាស ផ្លូវដែក និងផ្លូវហាយវៃ។
* ពពួកសត្វ និងរុក្ខជាតិ៖
ដោយសារអាកាសធាតុអំណោយផលល្អ ផ្តល់ឲ្យទីក្រុងនេះ សម្បូរដោយជីវចម្រុះ ដែលប្រមូលផ្តុំដោយពពួកសត្វ និងរុក្ខជាតិ រហូតដល់ជាង ៣,០០០ប្រភេទ។ ទីក្រុងនេះពោរពេញដោយផ្កាយ៉ាងស្រស់ស្អាតមួយប្រភេទឈ្មោះថា Jaba និងរុក្ខជាតិដែលមានពណ៌ខៀវស្រងាត់គ្រប់រដូវ។ ជាពិសេសគឺដើមចំបក់ ដែលក្លាយជាដើមឈើដែលគេដាំសម្រាប់ផ្តល់ឲ្យទីក្រុង មានទេសភាពស្រស់ស្អាតពេញផ្ទៃទីក្រុងទាំងមូល។ ទីក្រុងណាននីង ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងសុខាភិបាល។ នៅទីនោះមានប្រមូលផ្តុំទៅដោយវិទ្យាស្ថានស្រាវជ្រាវរហូតដល់ ៤៥កន្លែង វិទ្យាល័យ១០ និងសាលាពាណិជ្ជកម្ម ៥០កន្លែង និងមជ្ឈមណ្ឌលកំសាន្តជាច្រើន។
ដើមចំបក់ (Almond tree)
Jaba Flower
* វប្បធម៌៖
ទីក្រុងមួយនេះ មិនត្រឹមតែជាប្រភពនៃអាហារក្នុងតំបន់ប៉ុណ្ណោះទេ តែវាក៏ជាតំបន់ដែលប្រមូលផ្តុំដោយអាហារ មកពីភូមិភាគផ្សេងៗនៃប្រទេសចិន និងអាហារបរទេសផងដែរ។ អាហារជាប្រពៃណីវប្បធម៌ក្នុងតំបន់អាចរកបាននៅតាមដងផ្លូវនានានៃទីក្រុង។ អាហារដ៏ល្បីល្បាញប្រចាំតំបន់នេះគឺ គុយទាវ។
* វិស័យទេសចរណ៍៖
ទីក្រុងណាននីង សម្បូរដោយទេសភាពស្រស់ស្អាតល្បីល្បាញលំដាប់ពិភពលោក ដែលរួមមានទេសភាពតំបន់ភ្នំ ដែលស្ថិតនៅភាគខាងលិច និងខាងជើង ខេត្តក្វាងស៊ី និងភូមិជនជាតិភាគតិច រួមទាំងទេសភាពតាមបន្ទាត់ព្រំដែនវៀតណាមជាដើម។ អ្វីដែលជាភាពទាក់ទាញផ្សេងទៀត ភ្ញៀវទេសចររួមមាន សារៈមន្ទីរក្វាងស៊ី, សួនឧទ្យាន Zhenning Fort, ភ្នំ Qingxiu, សួនឧទ្យានឱសថក្វាងស៊ី, ទីក្រុងបុរាណ Yangmei, សួនឧទ្យាន Nanhu, សួនឧទ្យាន Shishan និងសួនសត្វ Nanning ជាដើម៕
សារៈមន្ទីរ Guangxi
សួនឧទ្យាន Zhenning Fort
ភ្នំ Qingxiu
សួនឧទ្យានឱសថ Guangxi
ទីក្រុងបុរាណ Yangmei
សួនឧទ្យាន Nanhu
សួនឧទ្យាន Shishan
សួនឧទ្យាន Shishan
សួនសត្វ Nanning
សួនសត្វ Nanning
សួនសត្វ Nanning