(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ស្នើឲ្យចិនជួយជំរុញអ្នកវិនិយោគ ឲ្យបានច្រើន ដើម្បីរៀបចំពិព័រណ៌ត្រីទន្លេសាប រួមទាំងកន្លែងកម្សាន្ដផ្សេងៗទៀត ក្នុងការបំពេញនូវតម្រូវការ របស់ភ្ញៀវទេសចរ បានស្នាក់នៅយូរថ្ងៃក្នុងខេត្តសៀមរាប បន្ទាប់ពីបានទស្សនាប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។
ការជំរុញបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងជំនួបពិភាក្សាការងារវិនិយោគ ជាមួយប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅការិយាល័យផ្ទាល់របស់លោកអភិបាលខេត្ត។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសក្តានុពល និងការងារសន្តិសុខ សុវត្ថិភាព របស់ខេត្ត បានរក្សាបានល្អជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ហើយក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ដែលនឹងបំពេញតម្រូវការជូនដល់អ្នកវិនិយោគ ហើយជាសំខាន់នោះ តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងចាំបាច់នោះ គឺបច្ចេកទេសកសិកម្ម ដើមី្បធានា បាននូវគុណភាពដីបង្កបង្កើនផល ព្រមទាំងម៉ាស៊ីនសម្ងួតស្រូវទៀតផង។
គណៈប្រតិភូខេត្តយូណាន ក៏បានលើកឡើងពីគោលបំណងរបស់ខ្លួន ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយ ខេត្តសៀមរាប តែងតែមានការទំនាក់ទំនង និងសហប្រតិបត្តិការល្អនឹងគ្នាទៀតផង ក្នុងនោះគណៈប្រតិភូបានផ្តោត ទៅលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំង លើវិស័យទេសចរណ៍។
គណៈប្រតិភូក៏បានចង់ដឹង អំពីគម្រោងផែនការគោល របស់ខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ និងការពង្រីកក្រុងរណប ដើមី្បធ្វើការពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងនោះដោយផ្តោតខ្លាំងលើវិស័យទេសចរណ៍ទៀតផង។ ម៉្យាងទៀតការរៀបចំ ទីកន្លែងកម្សាន្ត របស់ភ្ញៀវទេសចរដែលមានវ័យចំណាស់ ត្រូវពឹងផ្អែកតំបន់ធម្មជាតិព្រៃភ្នំ ដែលមានទឹកធ្លាក់ ប្រកបដោយធម្មជាតិ ដោយខេត្តយូណាន ជាខេត្តមានបទពិសោធន៍ លើវិស័យទេសចរណ៍ទៀតផង។
ជាការឆ្លើយតប លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ពីតម្រូវការរបស់ខេត្ត ក្នុងការពង្រីកនូវក្រុងរណប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ សម្រាប់ពេលអនាគត ក្រោយពីរដ្ឋាភិ បាលកម្ពុជា និងចិន កសាងនូវព្រលានយន្តហោះធំមួយ នៅខេត្តសៀមរាប ដែលធ្វើឲ្យកំណើនភ្ញៀវទេសចរកើនឡើងផងដែរ។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រតិភូ ជួយធ្វើការជម្រុញនូវទីផ្សារក្រពើនៅកម្ពុជា ដែលជាខេត្តសៀមរាប សម្បូរកសិដ្ឋានចិញ្ចឹមក្រពើ ដោយបច្ចុប្បន្នទីផ្សារក្រពើត្រូវ បានកំណត់ថ្លៃដោយឈ្មួញកណ្តាល។
ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរ អំពីគម្រោងការពង្រីកអេកូទេសចរណ៍ នៅខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ក្នុងគោលដៅបង្កើននូវប្រាក់ចំណូល ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ហើយក៏ចង់ឲ្យកិច្ចសហប្រតិបត្តិការ រវាងខេត្តសម្ព័ន្ធមេត្រីភាព ក្នុងនាមជាមិត្តដ៏យូរអង្វែង ក្នុងកិច្ចអភិវឌ្ឍន៍ និងវិនិយោគនៅខេត្តសៀមរាប៕