(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឱ្យដឹងថា ក្រសួងការងារមានបំណងចង់ឱ្យ ខាងភាគីសហជីព និងភាគីនិយោជក ជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ មុននឹងឈានទៅដល់ការសម្រេចផ្លូវការ នូវប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ កាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០១៧។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគីស្ដីពី ការពិភាក្សាប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភ័ណ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៧ នាទីស្ដីការក្រសួងការងារ។
លោក ហេង សួរ បានឱ្យដឹងថា នៅថ្ងៃនេះ ភាគីទាំងអស់បានជួបជុំគ្នាជាលើកទី១ ក្នុងគោលបំណង៣ ចំណុចសំខានៗ រួមមាន៖ ទី១. ដើម្បីឱ្យក្រុមការងារបច្ចេកទេសត្រីភាគី បានស្គាល់សមាសភាពគ្ នាទៅវិញទៅមក, ទី២.ដើម្បីចងក្រងផែនការសកម្មភាព ដែលត្រូវធ្វើនៅក្នុងខែកញ្ញានេះ, និងទី៣.ដើម្បីរៀបចំការងារ ដែលភាគីទាំងអស់ត្រូវត្រៀមធ្វើ ដូចជាស្ថិតិ គោលជំហរ និងក្រមសីលធម៌ ក្នុងការចរចាគ្នា។
លោកថា «នីតិវិធីជួបប្រជុំរបស់ ក្រុមការងារបច្ចេកទេសត្រីភាគី នៅឆ្នាំនេះ គឺលឿនជាងឆ្នាំមុនបន្តិច តែស្ថិតក្នុងទម្រង់មួយដូចគ្នានឹងឆ្នាំមុនដដែល ការជួបនេះគ្រាន់តែជាការបើកផ្លូវ ព្រោះយើងចង់ឱ្យពួកគាត់ បានជួបគ្នា ឱ្យញឹកញាប់បន្តិច មុននឹងឈានទៅដល់ការពិភាក្សាសម្រេចផ្លូវការ នៅដើមខែតុលា»។
លោក សោម អូន ប្រធានសភាសហភាព សហព័ន្ធសហជីពជាតិកម្ពុជា បានឱ្យដឹងថា របៀបវារៈក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួលនេះ ត្រូវធ្វើទៅតាមកាលវិភាគដែល បានដាក់ជូនដោយក្រសួងការងារ ដែលនឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០១៦ ខាងមុខ ហើយការពិភាក្សាប្រាក់ឈ្នួល ក្នុងខែកញ្ញានេះ ប្រហែលជាធ្វើឡើង២ទៅ៣ដងទៀត មុននឹងឈានទៅសម្រេច។
លោក ហេង សួរ បានបន្ថែមថា ក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះ ភាគីទាំងអស់បានបញ្ជាក់ពីគោលជំហរផ្លូវការរបស់ខ្លួន ឱ្យគ្នាទៅវិញទៅមក ទោះបីជាយើងដឹងគោលជំហរ ពីគ្នាថាភាគីនេះសុំប៉ុន្មាន ភាគីនោះសុំប៉ុន្មាន តាមរយៈសារព័ត៌មានក៏ដោយ ប៉ុន្តែបើមិនមានលិខិតជូនដំណឹងជាផ្លូវការ របស់ក្រុមការងារបច្ចេកទេសទេ ភាគីនីមួយៗអាចមានលេសថា ពួកគាត់មិនដឹង ព្រោះការផ្សព្វផ្សាយលើ សារព័ត៌មានមិនមែនជាលក្ខណៈផ្លូវការ ហើយថ្ងៃនេះ លោកបានជម្រាបជូនភាគីនីមួយៗហើយ ពីអ្វីដែលក្រសួងទទួលបានជាផ្លូវការពីភាគីសហជីព «១៧៩.៦ដុល្លារ» និងពីភាគីនិយោជក «១៤៤.២ដុល្លារ»។
លោកបន្តទៀតថា លោក (តំណាងឱ្យភាគីរាជរដ្ឋាភិបាល) នឹងជួបពិភាក្សាលក្ខណៈទ្វេភាគី ជាមួយសហជីព នៅរសៀលថ្ងៃទី៩ កញ្ញានេះ។ នៅថ្ងៃចន្ទ ទី១២ កញ្ញាខាងមុខ ក្រសួងនឹងជួបពិភាក្សាផ្លូវការ ជាមួយភាគីនិយោជកទៀត។ រហូតដល់ចន្លោះថ្ងៃទី១២ ទៅ២៣ ខែកញ្ញា ភាគីសហជីព និងភាគីនិយោជក នឹងជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគី ក្នុងក្រសួងការងារជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្រសួងការងារបានសម្រេចផ្ដល់ជូនភាគីសហជីព និងភាគីនិយោជក នូវមធ្យោបាយមួយចំនួន ដូចជា ដើម្បីឱ្យភាគីទាំងអស់អាចធ្វើការងារបាន ក្រសួងបានផ្ដល់បន្ទប់ចំនួន២ សម្រាប់ប្រើប្រាស់ក្នុងការពិភាក្សាចាប់ពីថ្ងៃនេះ ដល់ខែតុលា, ផ្ដល់នូវសម្ភារការិយាល័យមួយចំនួន ដូចជាកុំព្យួទ័រជាដើម៕