(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ ដែលមានប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» នៅថ្ងៃស្អែកថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្រក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បានបន្ថែមថា ក្រៅពីការចូលរួមកិច្ចប្រជុំខាងលើនេះ សម្តេចតេជោ នឹងធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បីពង្រីកទីផ្សាសំរាប់នាំទំនិញកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អំឡុងចូលរួមកិច្ចប្រជុំ នៅប្រទេសឡាវ សម្តេចតេជោ បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ ជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ធ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ថ្ងៃស្អែកខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងណាននីង នៃប្រទេសចិន ដើម្បីចូលរួមពិពរណ៍អាស៊ានចិន។ នៅប្រទេសឡាវ ខ្ញុំបានពិភាក្សា យ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិនលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ ជាអាទិភាពនៃកិច្ចពិភាក្សា។ នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ធ។ ខ្ញុំនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សារសំរាប់នាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀត»។
គួរបញ្ជាក់ថា គណៈប្រតិភូអមដំណើររួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕