(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។
នៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សាមួយល្ងិតល្ងង់បែបនេះ ទទួលយកមិនបានទេ ហើយថែមទាំងអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បញ្ជូនឱ្យសារព័ត៌មានរបស់សាំងហ្គាពួរចុះផ្សាយ។ យើងដឹងឈ្មោះ ហើយវិទ្យាសាស្ត្រនេះ ជាវិទ្យាស្ថានរបស់វៀតណាម ដែលថា ព្រែកជីកនេះ វាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ខ្ញុំតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? ដើម្បីអ្វី? នេះជាចំណុចទី១។ ចំណុចទី២ កម្ពុជានិងវៀតណាម មានមិត្តភាពជាមួយគ្នា ទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាម និងចិន ទាក់ទងគ្នាល្អ។ ឬអាចនិយាយមួយបែបអញ្ចេះ កម្ពុជាមិនល្ងង់រហូតយកកងទ័ពចិន មកដាក់នៅទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ របស់ខ្លួនឯងទេ»។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍មហាសាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សាស្រាវជ្រាវរបស់វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាបពណ៌ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យបាត់បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។
គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕