(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមា​គម​ឧកញ៉ាកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏ទាញទឹកនៃព្រែកជីកហ្វូណន-តេជោនេះ សម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅផងដែរ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គី មហាគ្រួសារ​ឧកញ៉ា​កម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅពេលដែលយើងបានជីកព្រែកជីកហ្វូណននេះ ព្រែកជីកហ្វូណននឹងជួយបង្កើនផលត្រី។ បន្ថែមពីនេះប្រជាជនអាចនឹងប្រើប្រាស់ទឹក ដែលបានមកពីព្រែកជីកនេះ ធ្វើជាវារីវប្បកចិញ្ចឹម ត្រី ចិញ្ចឹមបង្កង់ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជន»

សម្ដេចតេជោ បានថ្លែងបន្ដថា បច្ចុប្បន្ននេះប្រជាជនមិនអាចទៅរកទឹក ដើម្បីមកធ្វើជាវារីវប្បកម្ម សម្រាប់ចិញ្ចឹមត្រីបាននោះឡើយ កន្លងមកយើងធ្លាប់ជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី ប៉ុន្ដែប្រជាពលរដ្ឋបានឆ្លើយមកវិញថា ពុំមានទឹកក្នុងការចិញ្ចឹមនោះឡើយ។ ដូច្នេះព្រែកជីកហ្វូណននេះ នឹងបង្កើតបាននៅភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋរបស់យើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា «ខ្ញុំលើកអំពីផលប្រយោជន៍ យ៉ាងហោចណាស់មានផលប្រយោជន៍៤យ៉ាង ដែលយើងទទួលបានពីព្រែកជីកហ្វូណននេះ ដូច្នេះសូមប្រជាជនកម្ពុជាយល់ថា យើងនឹងទទួលបាន ផលប្រយោជន៍ពី ព្រែកជីកហ្វូណនយ៉ាងធំធេង ហេតុនេះសូមឲ្យអ្នកឧកញ៉ា ឧកញ៉ា អ្នកដែលមានទុន ក្នុងករណីដែលកម្ពុជាមិនអាចរកទុនពីក្រៅបាន ព្រែកជីកនេះត្រូវតែធ្វើឲ្យបាន តាមរយៈនៃការចូលរួមទាំងអស់គ្នា»

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕