(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

ពីលើវេទិកាក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។

ការចេញមកប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៅពេលនេះ គឺដើម្បីឆ្លើយតបទៅកាន់រាល់ការប្រឆាំងទាំងឡាយពីសំណាក់ក្រុមជ្រុលនិយម និងប្រទេសវៀតណាម លើគម្រោងនៃការសាងសង់ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យជ្រែកជីកមួយនេះលេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។ សម្ដេចបានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំប្រតិកម្មជាមួយអ្នកលើកឡើងថា ព្រែកជីកហ្វូណនតេជោនេះ បង្កលក្ខណៈឲ្យកងទ័ពជើងទឹកចិន តែពេលនេះខ្ញុំត្រូវតែនិយាយបង្ហាញ ខ្ញុំមិនអនុញ្ញាតឲ្យនរណាដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់មួយទៀត មិនថាមិត្ត មិនថាសត្រូវ មិនថាប្រទេសអ្នកឯងជានរណា តែខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ។ សូមអ្នកទាំងឡាយ កុំឆ្លៀតប្រើប្រាស់ដុតផ្ទះរបស់ខ្ញុំ ដើម្បីគ្រាន់តែចម្អិតសាច់មួយដុំរបស់អ្នក។ ពួកអ្នកត្រូវយល់ ត្រូវទទួលស្គាល់អំពីផលប្រយោជន៍របស់កម្ពុជា ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ខ្ញុំត្រូវការយល់ និងការគាំទ្រពីប្រជាជនកម្ពុជា ឲ្យក្លាយទៅជាចលនាជាតិ ដើម្បីគាំទ្រការសម្រេចបាននូវព្រែកជីកហ្វូណនតេជោរបស់យើង»

ទន្ទឹមនឹងការប្រកាសស្វែងការការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រហូតឲ្យក្លាយជាចលនាជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពន្យល់ខ្លះៗថា ព្រែកជីកហ្វូណន-តេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ គម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងទៀតថា គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឲ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។ សម្តេចសង្ឃឹមថា មេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។

បើតាមប្រសាសន៍គូសបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ, ក្រៅពីផ្ដល់ភាពងាយស្រួលដល់ការដឹកជញ្ជូន ព្រែកជីកហ្វូណន-តេជោ នេះក៏នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តភាគនិរតីប្រទេស ហើយព្រែកជីកហ្វូណន-តេជោ នឹងជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតីផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕